ក្លិប Manchester City របស់អង់គ្លេស មានកីឡាករទៅលេង World Cup 2026 ច្រើនជាងគេ

04-06-2026 10:19

(បរទេស)៖ ក្រោយ FIFA បិទបញ្ចប់នៃការបញ្ជូនឈ្មោះទាំង ៤៨ប្រទេស ដើម្បីត្រៀមលេង World Cup 2026 ដែលនឹងចាប់ផើ្តមនាសប្តាហ៍ក្រោយនេះ ឃើញថាក្លិបបាល់ទាត់អាជីព Manchester City របស់អង់គ្លេស មានកីឡាករច្រើនជាងគេ។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា ក្រុមមេឃខៀវមានកីឡាកររបស់ខ្លួនបានជាប់ ជម្រើសជាតិលេង World Cup ជំនាន់ទី២៣ នេះមានដល់ទៅ ១៩នាក់ច្រើនជាងគេតែម្តង ក្នុងចំណោម ១២ប្រទេសផ្សេងគ្នា តាមពីក្រោយដោយ Bayern Munich មាន ១៨នាក់ Arsenal ១៦នាក់ PSG ១៥នាក់ និង FC Barcelona មាន ១៤នាក់។

ក៏ប៉ុន្តែបើក្រឡេកមើលទាំង ២០ក្លិបនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៥-២៦ វិញ City ក៏នៅតែជាក្រុមមានកីឡាករច្រើនជាងគេដដែល ដែលត្រូវបានកោះហៅទៅលេង World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា គ្រាដែល Crystal Palace ដែលជាជើងឯកលីគអឺរ៉ុបលំដាប់ទី៣ UEFA Europa Conference League រដូវកាលនេះ មានកីឡាកររបស់ខ្លួនដល់ទៅ ១២នាក់ ឈរនៅលេខរៀងទី៤។

គួរបញ្ជាក់ផងថា កីឡាករសរុបចំនួន ១,២៤៨នាក់ ក្នុងចំណោម ៤៨ប្រទេស (ក្រុម) បានកំពុងត្រៀមបង្ហាញសមត្ថភាព ក្នុងក្រុមជម្រើសជាតិរៀងៗខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដាដ៏ខ្លីខាងមុខ ដើម្បីជាការទាក់ភ្នែកដល់ក្លិបធំៗដទៃ និងបង្កើនតម្លៃខ្លួន និងពលកម្មទៀតផង៕