Google បញ្ចេញមុខងារ «Fake Call Detection» លើ Android ទប់ទល់ជនខិលខូចដែលប្រើ AI បន្លំសំឡេងជាសាច់ញាតិដើម្បីបោកយកលុយ

04-06-2026 10:36

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយឈ្មោះថា «ស្វែងរកការហៅទូរសព្ទក្លែងក្លាយ (Fake Call Detection)» នៅលើប្រព័ន្ធប្រតិបត្តិការ Android ដើម្បីការពារអ្នកប្រើប្រាស់ពីល្បិចឆបោកកម្រិតខ្ពស់ ដែលប្រើប្រាស់បច្ចេកវិទ្យា AI Deepfake បន្លំធ្វើជាសំឡេងសមាជិកគ្រួសារ និយោជក ឬអ្នកមានអំណាចក្នុងគោលបំណងទារលុយ។ មុខងារនេះនឹងដំណើរការដោយស្វ័យប្រវត្តនៅពីក្រោយអេក្រង់តាមរយៈកម្មវិធី Phone by Google ដោយចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាសកលក្នុងខែនេះ លើឧបករណ៍ដែលប្រើ Android 12 ឡើងទៅ ជាពិសេសគឺទូរសព្ទត្រកូល Pixel។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TechCrunch នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។

យន្តការការពារនេះដំណើរការប្រៀបដូចជា «ការចាប់ដៃគ្នាបែបឌីជីថលរវាងឧបករណ៍និងឧបករណ៍» ដោយវាសហការគ្នាផ្ទៀងផ្ទាត់សញ្ញាសម្ងាត់។ ក្រុមហ៊ុន Google បានពន្យល់លម្អិតនៅក្នុងការបង្ហោះលើប្លុករបស់ខ្លួនថា៖ «ប្រសិនបើជនឆបោកព្យាយាមបន្លំខ្លួនធ្វើជាមនុស្សដែលអ្នកទុកចិត្ត សញ្ញាបញ្ជាក់ដំបូងនោះនឹងត្រូវបាត់បង់។ ឧបករណ៍របស់អ្នកនឹងកត់សម្គាល់ឃើញរឿងនេះភ្លាមៗ ហើយផ្ញើសញ្ញាទៅកាន់ឧបករណ៍ពិតប្រាកដរបស់មនុស្សម្នាក់នោះដើម្បីពិនិត្យផ្ទៀងផ្ទាត់ទ្វេដង។ ប្រសិនបើឧបករណ៍ពិតរបស់ពួកគេឆ្លើយតបមកវិញថា "ខ្ញុំមិនបានធ្វើការហៅទូរសព្ទនៅពេលនេះទេ" នោះអ្នកនឹងទទួលបានសារព្រមាននៅលើអេក្រង់របស់អ្នក ដោយណែនាំឱ្យអ្នកបិទទូរសព្ទភ្លាមៗ»

ទន្ទឹមនឹងខែលការពារសុវត្ថិភាពនេះ Google ក៏បានបញ្ចេញបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដើម្បីទាក់ទាញអ្នកប្រើប្រាស់ផងដែរ។ ក្នុងនោះមានមុខងារ «Wardrobe» លើ Google Photos ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សាកល្បងសម្លៀកបំពាក់បែបនិម្មិត (Virtual) មុខងារ «Catch me up» លើ Google Play Books សម្រាប់សង្ខេបសាច់រឿងសៀវភៅឡើងវិញ និងការធ្វើបច្ចុប្បន្នភាពលើមុខងារ «Circle to Search» ដែលឥឡូវនេះអាចស្វែងរកទំនិញគ្រប់មុខនៅលើសម្លៀកបំពាក់មួយឈុតបានក្នុងពេលតែមួយភ្លាមៗតែម្តង៕