ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា ធ្វើបានល្អទាំងបុរស និងនារី ក្នុងបេសកកម្មការពារមេដាយមាស ជើងឯកអាស៊ី នៅម៉ាឡេស៊ី
04-06-2026 11:01
(ភ្នំពេញ)៖ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា បាននឹងកំពុងធ្វើបានល្អ ក្នុងយុទ្ធនាការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ក្នុងនាមក្រុមការពារមេដាយមាស ទាំងផ្នែកបុរស និងនារី ដែលកម្ពុជាដណ្ដើមបានកាលពីឆ្នាំ២០២៥ កន្លងទៅ។
យោងតាមមន្ដ្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមិថុនានេះ ក្រុមបាល់បោះអង្គុយជនពិការនារីកម្ពុជា បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយយកឈ្នះ ២ប្រកួតផ្ទួនៗ ពោលគឺយកឈ្នះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ៣-០សិត និងឈ្នះក្រុមកីឡារិនីឥណ្ឌា ៣-០សិត ក្នុងពិន្ទុដាច់ឆ្ងាយដូចៗគ្នា។ ជ័យជម្នះនេះនាំឲ្យក្រុមកីឡាការិនីកម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បន្ទាប់ពីបេក្ខភាព ១ក្រុមទៀតបានដកខ្លួន គឺប៊ូតង់។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់បោះអង្គុយជនពិការនារីកម្ពុជា នឹងត្រូវប៉ះគូប្រជែងម្ចាស់ផ្ទះម៉ាឡេស៊ីជាថ្មី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីការពារមេដាយមាសរបស់ខ្លួន។ យ៉ាងណាផ្អែកលើការខំប្រឹងហ្វឹកហាត់ជាច្រើនខែ និងការបង្ហាញបច្ចេកទេសលេងដ៏ល្អនៅពេលនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះដំណើរឆ្ពោះទៅប្រជែងមេដាយមាសជាថ្មី របស់ក្រុមបាល់បោះអង្គុយជនពិការនារីកម្ពុជា។
ដោយឡែកសម្រាប់វិញ្ញាសាផ្នែកបុរសវិញ ក្រុមបាល់បោះអង្គុយជនពិការបុរសកម្ពុជា ក៏កំពុងធ្វើបានល្អដូចគ្នា ដោយប្រកួតដំបូង បានយកឈ្នះឥណ្ឌា ៣-០។ ការប្រកួតនេះមាន ៧ប្រទេសចូលរួម បន្ទាប់ពីក្រុមប៊ូតង់ដកខ្លួន។ ក្នុងចំណោម ៧ក្រុមចូលរួម បានបែងចែកជា ២ពូល ហើយកម្ពុជាស្ថិតក្នុងពូល A ជាមួយឥណ្ឌា និងបង់ក្លាដេស គ្រាដែលពូល B មាន ៤ក្រុម គឺម្ចាស់ផ្ទះម៉ាឡេស៊ី ស្រីលង្កា ឥណ្ឌូនេស៊ី និងនេប៉ាល់។
ទោះបីក្រុមបុរសកម្ពុជា ត្រូវធ្វើការងារធ្ងន់ជាងក្រុមនារី តែថ្នាក់ដឹកនាំប៉ារ៉ាឡាំពិកកម្ពុជា ក៏មានជំនឿចិត្តយ៉ាងមុតមាំថា ពួកគេនឹងបន្ដខំប្រឹងប្រកួតប្រជែង រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងមានឱកាសការពារមេដាយមាសផងដែរ៕








