កំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំង៨ មានទ្រព្យសម្បត្តិច្រើនជាងគេលើលោក កំពុងប្រជែងគ្នាក្នុងវិស័យ «មជ្ឈមណ្ឌលទិន្នន័យ AI លើលំហអាកាស»
04-06-2026 11:51
(បរទេស)៖ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីធុរកិច្ចល្បីៗដូចជា Forbes និង Semafor បានឱ្យដឹងថា ការប្រជែងគ្នារវាងមហាសេដ្ឋីលំដាប់កំពូលៗរបស់ពិភពលោក បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ។ វាមិនមែនត្រឹមតែជាការប្រកួតប្រជែងបង្កើតប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប (ដូចជា Starlink) ធម្មតានោះទេ ប៉ុន្តែវាគឺជាសង្គ្រាមដណ្តើមគ្នាបង្កើត «មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI នៅលើលំហអាកាស» ឬ (Space-Based Data Centers) ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតសម្រាប់ដំណើរការ AI នាពេលអនាគត។ មូលហេតុចម្បងដែលបង្ខំឱ្យកំពូលមហាសេដ្ឋីទាំងនោះ បង្វែរទិសដៅទៅរកលំហអាកាស គឺដោយសារតែការស្វែងរកដីធ្លី ប្រភពទឹក និងថាមពលអគ្គិសនីដើម្បីរត់ម៉ាស៊ីន AI នៅលើផែនដី មានឧបសគ្គច្រើនពោលគឺកំពុងតែដើរជល់នឹងជញ្ជាំងបេតុង។
ទោះជាយ៉ាងណាក្តី បើក្រឡែកមកមើលពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនោះវិញ គឺបានកើនឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ខាងក្រោមនេះជាកំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំង៨ មានទ្រព្យសម្បត្តិច្រើនជាងគេលើលោក៖
១៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអវកាស SpaceX មានទ្រព្យសម្បតិ្ត ៨២៧.៧ ពាន់លានដុល្លារ កំពុងកាន់គម្រោង ប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យលើគន្លងតារាវិថី ដែលមានផ្កាយរណប ១លានគ្រឿង។
២៖ លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុនអវកាស Blue Origin មានទ្រព្យសម្បត្តិ ២៧៦.៨ ពាន់លានដុល្លារ កំពុងកាន់គម្រោង សាន់រ៉ាយស៍ បានន័យថា ការនាំយកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ និង AI ទៅកាន់លំហអាកាស។
៣៖ លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បតិ្ត ១៩៤.៩ ពាន់លានដុល្លារ កំពុងកាន់គម្រោងផលិតផ្កាយរណប ៨៨,០០០ គ្រឿងរបស់ក្រុមហ៊ុន Starcloud
៤៖ លោក Eric Schmidt នាយកប្រតិបត្តិក្រុមហ៊ុនអវកាស Relativity មានទ្រព្យសម្បតិ្ត ៤៣.៥ ពាន់លានដុល្លារ កំពុងកាន់គម្រោងមជ្ឈមណ្ឌលទិន្នន័យលើគន្លងតារាវិថី
៥៖ លោក Peter Beck នាយកប្រតិបត្តិក្រុមហ៊ុន Rocket Lap មានទ្រព្យសម្បតិ្ត ៥.៩ ពាន់លានដុល្លារ កំពុងកាន់គម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់មជ្ឈមណ្ឌលទិន្នន័យផ្អែកលើលំហអាកាស
៦៖ លោក Kemal Ghaffarian នាយកប្រតិបត្តិក្រុមហ៊ុនអវកាស Axiom មានទ្រព្យសម្បតិ្ត ៥.២ ពាន់លានដុល្លារ កំពុងកាន់គម្រោងមជ្ឈមណ្ឌលទិន្នន័យលើគន្លងតារាវិថី
៧៖ លោក Baiju Bhatt នាយកប្រតិបត្តិក្រុមហ៊ុនអវកាស Cowboy មានទ្រព្យសម្បតិ្ត ៤.៦ ពាន់លានដុល្លារ កំពុងកាន់គម្រោងកាឡាក់ស៊ី ប្រេន (ខួរក្បាលកាឡាក់ស៊ី) ដែលមានគោលដៅបង្កើតបណ្តាញ AI ខ្នាតយក្ស និងប្រព័ន្ធថាមពលនៅលើលំហអាកាស ដើម្បីបម្រើការវិភាគទិន្នន័យកម្រិតខ្ពស់។
៨៖ លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google មានទ្រព្យសម្បតិ្ត ១.៨ ពាន់លានដុល្លារ កំពុងកាន់គម្រោងស្រាវជ្រាវកម្រិតខ្ពស់ ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យលើលំហអាកាស ដោយប្រើប្រាស់បន្ទះឈីប Google TPU រត់ដោយថាមពលព្រះអាទិត្យដែលប្រមូលបានស្ទើរតែ ២៤ម៉ោង។












