មេធំ OpenAI ត្រៀមឆ្ពោះទៅសភាអាមេរិក ដើម្បីប្រឆាំងនឹងការបង្កើតច្បាប់រឹតបន្តឹងលើការបញ្ចេញម៉ូដែល AI ថ្មីៗ
04-06-2026 14:42
(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI លោក Sam Altman គ្រោងនឹងជួបពិភាក្សាជាមួយសមាជិកសភាអាមេរិក ក្នុងគោលបំណងតវ៉ាប្រឆាំងនឹងសំណើច្បាប់ ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា សុំការអនុម័តពីរដ្ឋាភិបាលសហព័ន្ធ មុននឹងបញ្ចេញម៉ូដែល AI ថ្មីៗទៅកាន់សាធារណៈជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។
លោក Sam Altman បានបង្ហាញក្តីបារម្ភថា វិធានការរឹតបន្តឹង និងការទាមទារការអនុម័តពីរដ្ឋាភិបាលសហព័ន្ធបែបនេះ អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណេញរបស់វិស័យឧស្សាហកម្មបច្ចេកវិទ្យា ប្រសិនបើវាធ្វើឱ្យដំណើរការដាក់ឱ្យប្រើប្រាស់ត្រូវពន្យារពេល ឬបង្ខំឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរទម្រង់ប្រតិបត្តិការផលិតផលរបស់ខ្លួន ដើម្បីឆ្លើយតបនឹងកង្វល់ផ្នែកសន្តិសុខ។
ជំនួសឱ្យការដាក់ចេញនូវច្បាប់រឹតបន្តឹង មេធំក្រុមហ៊ុន OpenAI រូបនេះ នឹងស្នើសុំឱ្យសភាបង្កើនកញ្ចប់ថវិកាដល់ក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងការបង្កើតកម្មវិធីសាកល្បងប្រព័ន្ធ AI វិញ។ ក្រុមហ៊ុន OpenAI ចង់ឱ្យរដ្ឋាភិបាលពង្រីកកិច្ចសហការដែលមានស្រាប់ ដោយបន្ថែមអ្នកវិទ្យាសាស្ត្រជំនាញៗលើផ្នែកសន្តិសុខសាយប័រ (Cybersecurity) អាវុធជីវសាស្ត្រ និងសន្តិសុខជាតិ ដើម្បីវាយតម្លៃលើម៉ូដែល AI ឱ្យបានហ្មត់ចត់បំផុត។
គួរជម្រាបផងដែរថា ដំណើរទស្សនកិច្ចរបស់លោក Altman ទៅកាន់ទីក្រុងវ៉ាស៊ីនតោននាពេលនេះ ធ្វើឡើងចំពេលដ៏សំខាន់បំផុតសម្រាប់វិស័យ AI ខណៈដែលក្រុមហ៊ុន OpenAI និងក្រុមហ៊ុនគូប្រជែង Anthropic (អ្នកបង្កើត Claude) សុទ្ធតែកំពុងរៀបចំដាក់ពាក្យជាសម្ងាត់ ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទីផ្សារភាគហ៊ុន។
ជុំវិញជំនួបនេះ លោក Altman មានគម្រោងជួបពិភាក្សាជាមួយប្រធានសភាតំណាងរាស្ត្រ លោក Mike Johnson (មកពីបក្សសាធារណរដ្ឋ) ខណៈដែលខាងសេតវិមានរបស់លោក Trump មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញជំនួបណាមួយនៅឡើយទេ៕












