សណ្ឋាគារ Steigenberger Hotel Phnom Penh កម្ពស់២៣០ម៉ែត្រខ្ពស់ បញ្ចប់ការសាងសង់ជាផ្លូវការ នាំមកនូវស្តង់ដារថ្មីលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា

04-06-2026 16:32

(ភ្នំពេញ)៖ សណ្ឋាគារ Steigenberger Hotel Phnom Penh បានបញ្ចប់ការសាងសង់ជាផ្លូវការ និង បានបម្រើឱ្យវិស័យបដិសណ្ឋារកិច្ចដ៏ប្រណីតនៅរាជធានីភ្នំពេញ ដែលនាំមកនូវស្តង់ដារថ្មីដែលលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងតំណាងស្ថាប័នសារព័ត៌មានជាច្រើន ក្នុងកម្មវិធីនៅលើអគារកម្ពស់ ២៣០ម៉ែត្រខ្ពស់ជាងគេ នៅរាជធានីភ្នំពេញ និងធ្វើជាសាក្សីនៃការលេចរូបរាងរបស់សណ្ឋាគារផ្កាយប្រាំដ៏ប្រណិតនៅភ្នំពេញ។

លោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group និងលោក Ye Guohui អគ្គនាយក សណ្ឋាគារ Steigenberger Hotel Phnom Penh បានថ្លែងសុន្ទរកថាក្នុងឱកាសដ៏វិសេស វិសាលនេះ ដែលជាសញ្ញាបង្ហាញពីការចាប់ផ្តើមទំព័រថ្មីនៃសេវាកម្មបដិសណ្ឋារកិច្ចកម្រិតខ្ពស់ នៅកម្ពុជា។

*មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិឈានមុខគេ

អគារ Morgan Tower គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មស្នូលដ៏រឹងមាំ និងទំនើប ដែលប្រមូលផ្តុំ ដោយសហគ្រាសល្បីឈ្មោះជាង២០០ មកពីជុំវិញពិភពលោក។ ការបើកដំណើរការរបស់ សណ្ឋាគារ Steigenberger បានបំពេញបន្ថែមនូវប្រព័ន្ធអេកូឡូស៊ីពេញលេញ រួមមាន៖ ការិយាល័យទំនើប ការស្នាក់នៅប្រណីត មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងកន្លែងជួបជុំកម្រិតខ្ពស់ដែលធ្វើឱ្យ Morgan Tower ក្លាយជាទ្រព្យសកម្មដ៏មានឥទ្ធិពលបំផុតមួយនៅរាជធានីភ្នំពេញ។

*បទពិសោធន៍ស្នាក់នៅប្រណីតគ្រប់ជ្រុងជ្រោយលើកម្ពស់ ២៣០ម៉ែត្រ

សណ្ឋាគារមានចំនួន១១៦ បន្ទប់ស្ថិតនៅលើអាកាស ដែលអ្នកស្នាក់នៅអាចគយគន់ ទេសភាពទន្លេចតុមុខ និងទីក្រុងភ្នំពេញបានគ្រប់ជ្រុង និងគ្រប់ពេលវេលា។ អ្នកស្នាក់នៅនឹងទទួលបានបទពិសោធន៍ការរស់នៅថ្មីដែលមានបរិក្ខារគ្រប់ពេញលេញទាំងអស់ រួមមានសេវា Minibar ឥតគិតថ្លៃ មិនមានបង្កប់ការចំណាយផ្សេងៗ ការចេញ និងចូលដោយសេរី មានអ្នកបម្រើសេវាផ្ទាល់ខ្លួនបែប VIP គឺជាស្តង់ដារលំដាប់កំពូលនៃបដិសណ្ឋារកិច្ចឈានមុខគេនៅភ្នំពេញ។

*បរិក្ខារ និងសេវាកម្មបែបអភិជន

មិនត្រឹមតែបន្ទប់ស្នាក់នៅប៉ុណ្ណោះទេ សណ្ឋាគារបានរួមបញ្ចូលបរិក្ខារទំនើបៗ និងសេវាកម្មបម្រើគ្រប់តម្រូវការរបស់អ្នកស្នាក់នៅរួមមាន៖ La Vida Sky Bar ជាស្តាយបារដែលខ្ពស់ជាងគេនៅភ្នំពេញ, Bela Bela Restaurant ជាភោជនីយដ្ឋានប្រចាំថ្ងៃ Yan Rocksalt Teppanyaki ជាភោជនីដ្ឋានជប៉ុនខ្ពស់ជាងគេនៅភ្នំពេញ, Autoren Bar ជាឡោញដ៏ស្ងប់ស្ងាត់សម្រាប់ជជែកពិភាក្សាអាជីវកម្ម, អាងហែលទឹកលើអាកាសចំហរអាចគយគន់ទេសភាពទីក្រុងបាន, SPA Center កន្លែងស្ប៉ាបែបខ្មែរ, Gymnasium កន្លែងហាត់ប្រាណ, Glass Skywalk ស្ពានកញ្ចក់កម្ពស់ ២៣០ម៉ែត្រ នៅលើអាកាសអាចទស្សនាទេសភាពទន្លេចតុមុខ និងទីក្រុងភ្នំពេញ, Conference Center មជ្ឈមណ្ឌលប្រជុំ និងសន្និសីទលំដាប់ខ្ពស់, Banquet Hall សាលលើអាកាសមានទេសភាព ២៧០ដឺក្រេ។

*កេរ្តិ៍ឈ្មោះ និងប្រវត្តិល្បីៗជាង ១០០ឆ្នាំ នៅអាល្លឺម៉ង់

Steigenberger គឺជាយីហោសណ្ឋាគារប្រណីតមានអាយុកាលជាង ១០០ឆ្នាំ មានឈ្មោះល្បីល្បាញជាងគេរបស់ក្រុមហ៊ុន Huazhu Group នៅប្រទេសអាល្លឺម៉ង់។ មិនត្រឹមតែជាបន្ទប់ស្នាក់នៅនោះទេ សណ្ឋាគារ Steigenberger គឺជាទីតាំងដែលត្រូវបានជ្រើសរើសក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិជាន់ខ្ពស់ ជាកន្លែងស្នាក់នៅបន្ទាប់ពីដំណើរទស្សនកិច្ចនៃមេដឹកនាំ និងគណប្រតិភូធំៗ និងកិច្ចប្រជុំកំពូលអន្តរជាតិនានាជាយូរមកហើយ។

ការនាំចូលយីហោ Steigenberger នៅរាជធានីភ្នំពេញ បាននាំមកនូវស្តង់ដារសេវាកម្មអន្តរជាតិ និងរបៀបរបបរស់នៅបែបអភិជន ដោយផ្តោតលើសេវាបដិសណ្ឋារកិច្ចកម្រិតខ្ពស់ សន្និសីទអន្តរជាតិ ដំណើរវិស្សមកាល ដំណើរទស្សនកិច្ច និងការជួបជុំនានារបស់អភិជន។

*មុខមាត់ថ្មីនៃកម្ពុជា

ការបញ្ចប់ការសាងសង់ជាផ្លូវការរបស់សណ្ឋាគារ Steigenberger Hotel Phnom Penh បាននាំមកនូវស្តង់ដារថ្មីដែលលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។

បន្ថែមពីលើនេះទៀត សណ្ឋាគារ Steigenberger Hotel Phnom Penh នឹងក្លាយជានិមិត្តរូបថ្មីនៃវិស័យទេសចរណ៍ និងមជ្ឈមណ្ឌលធុរកិច្ចអន្តរជាតិនៅកម្ពុជា ដែលឈរចំទីតាំងស្នូល បង្ហាញខ្លួនលើអាកាស មានទេសភាពទន្លេចតុមុខនិងទីក្រុងភ្នំពេញ មានបរិក្ខារពេញលេញ និងកេរ្តិ៍ឈ្មោះសណ្ឋាគារ ដែលមានប្រវត្តិសាស្ត្រជាង ១០០ឆ្នាំ៕