គោព្រៃកម្ពុជា បន្ដយកឈ្នះក្រុមជម្រើសជាតិប៊ូតាន ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ
04-06-2026 21:19
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៊ូតាន ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី៤ ខែមិថុនានេះ ។
ចំពោះមុខអ្នកទស្សនាផ្ទាល់ជាង ១ម៉ឺននាក់ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ដោយត្រឹម ៧នាទី កីឡាករ ស រតនា រកគ្រាប់មុខក្រុមភ្ញៀវ ១គ្រាប់ មុនមិត្ដរួមក្រុម ឃូលីបាលី អាបឌែល កាឌែរ បន្ថែមគ្រាប់ទី២ នៅនាទី៣៨ គ្រាដែលវគ្គទី២ កម្ពុជា បានបន្ថែម ២គ្រាប់ទៀត ដែលរកបានដោយ សុផល ឌីម៉ង់ នៅនាទី៦៩ និង ម៉ុន រ៉ាដូ នៅនាទី៨៦។
នេះគឺជាជ័យជម្នះ និងជាការប្រកួតដំបូង សម្រាប់ឆ្នាំ២០២៦ របស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយខកខានការប្រកួតអស់រយៈពេល ២០២ថ្ងៃ បើគិតពីការប្រកួតចុងក្រោយ ទល់ក្រុមហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។
យ៉ាងណាមុនឈានដល់ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នាពេលខាងមុខ ក្រុមជម្រើសជាតិកម្ពុជា នៅសល់បេសកកម្មសំខាន់ ២ ទៀត ដោយត្រូវជួបប្រកួតមិត្តភាពជាមួយហុងកុង នាថ្ងៃទី៩ ខែមិថុនា មុនចេញទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសជប៉ុន ជាង ១សប្ដាហ៍ នាដើមខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕









