ជោគជ័យទាំងបុរស និងនារី! ក្រុមបាល់បោះជនពិការបុរសកម្ពុជា ឈ្នះមេដាយមាសជើងឯកអាស៊ី ក្រោយផ្ដួលក្រុមស្រីលង្ការ
05-06-2026 00:26
(ភ្នំពេញ)៖ បន្ទាប់ពីក្រុមបាល់បោះជនពិការនារីកម្ពុជា សម្រេចជោគជ័យការពារមេដាយមាស ក្រុមបាល់បោះជនពិការបុរសកម្ពុជា ក៏ធ្វើបានដូចគ្នា ដោយបន្ដគ្រងមេដាយមាសជាថ្មី ក្រោយយកឈ្នះ ៤ប្រកួតជាប់ៗគ្នា នៅក្នុងការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។
ថ្វីដ្បិតត្រូវឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាច្រើន តែក្រុមមបាល់បោះអង្គុយជនពិការបុរសកម្ពុជា ធ្វើបានយ៉ាងល្អ ដោយសុទ្ធតែបានយកឈ្នះដាច់លើគូប្រជែង ក្នុងនោះសម្រាប់ការប្រកួតពូលA គឺបានឈ្នះក្រុមឥណ្ឌា ៣-០ និងឈ្នះបង់ក្លាដេស ៣-០ ដូចគ្នា មុនបន្ដយកឈ្នះក្រុមឥណ្ឌូនេស៊ី ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ បានយកឈ្នះក្រុមស្រីលង្ការ ៣-០សិតទៀត ជាមួយពិន្ទុ ២១-១១, ២១-១៤ និង ២១-៥ ដើម្បីបន្ដគ្រងមេដាយមាសតែម្ដង៕






