មហាសេដ្ឋី TikTok លោក Zhang Yiming វ៉ាដាច់ស្តេចត្រាញ់ឥណ្ឌា Mukesh Ambani ក្លាយជាអ្នកមានបំផុតលំដាប់ទី២ នៅអាស៊ី
05-06-2026 08:53
(បរទេស)៖ ការផ្លាស់ប្តូរចំណាត់ថ្នាក់ក្នុងតារាងមហាសេដ្ឋីលំដាប់ពិភពលោក បានបង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត។ ពិភពលោកដែលរកចំណូលបានយ៉ាងក្រាស់ក្រែលពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធក្បួនដោះស្រាយ (Algorithm) ប្រព័ន្ធផ្សព្វផ្សាយសង្គមសកល កំពុងតែរុញច្រានឱ្យអាណាចក្រឧស្សាហកម្ម និងទូរគមនាគមន៍បែបប្រពៃណី ឱ្យមកដេញតាមពីក្រោយ។ លោក Zhang Yiming ដែលជាស្ថាបនិកក្រុមហ៊ុន ByteDance (ក្រុមហ៊ុនមេរបស់ TikTok) បានហក់ឡើងវ៉ាដាច់មហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសឥណ្ឌា គឺលោក Mukesh Ambani ដែលជាប្រធានក្រុមហ៊ុនអាណាចក្រថាមពល និងលក់រាយ Reliance Industries ដើម្បីក្លាយជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី២ នៅទ្វីបអាស៊ី។ ការហក់ឡើងនេះ គឺឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏មហិមារបស់ក្រុមហ៊ុន ByteDance ទាំងលើផ្នែកហិរញ្ញវត្ថុ និងមហិច្ឆតា AI។
ដោយសារតែ ByteDance មិនទាន់ក្លាយជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈនៅឡើយ ទ្រព្យសម្បត្តិរបស់លោក Zhang Yiming គឺពឹងផ្អែកផ្ទាល់ទៅលើការវាយតម្លៃតម្លៃក្រុមហ៊ុននៅក្នុងទីផ្សារឯកជន។ តម្លៃក្រុមហ៊ុន ByteDance បានហក់ឡើងវិញយ៉ាងខ្លាំង បើទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធផ្លូវច្បាប់ និងនយោបាយយ៉ាងតឹងរ៉ឹងពីសំណាក់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ក៏ដោយ។ ការទិញភាគហ៊ុនត្រឡប់ទៅវិញផ្ទៃក្នុង និងការជួញដូរលើទីផ្សារឯកជន បានរុញតម្លៃរបស់ ByteDance ឱ្យឡើងទៅដល់ចន្លោះពី ២៥០ ប៊ីលាន ទៅ ៣០០ ពាន់លានដុល្លារ។ នាពេលបច្ចុប្បន្ន ByteDance បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងចំណោមក្រុមហ៊ុនដែលមានប្រាក់ចំណេញខ្ពស់បំផុតនៅលើពិភពលោក ដោយសារការប្រមូលចំណូលពីការផ្សាយពាណិជ្ជកម្ម និងការបញ្ចូលប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក (TikTok Shop)។ ក្នុងនាមជាអ្នកកាន់កាប់ភាគហ៊ុនបុគ្គលធំជាងគេបង្អស់ លោក Zhang ទទួលបានផលចំណេញពីការហក់ឡើងនេះផ្ទាល់តែម្តង។
ខណៈពេលដែលពិភពលោកស្គាល់ ByteDance តាមរយៈវីដេអូខ្លីៗ ប៉ុន្តែក្រុមអ្នកវិនិយោគបានវាយតម្លៃក្រុមហ៊ុននេះក្នុងនាមជា «មហាយក្ស AI»។ ថ្មីៗនេះ ការបោះជំហានចូលទៅក្នុងបច្ចេកវិទ្យា Generative AI បានជួយបង្កើនតម្លៃក្រុមហ៊ុនកាន់តែខ្លាំង។ នៅក្នុងប្រទេសចិន កម្មវិធី Chatbot AI របស់ ByteDance ឈ្មោះ Doubao បានក្លាយជាកម្មវិធី AI ដែលពេញនិយមបំផុតនៅក្នុងប្រទេស ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែច្រើនជាងគេ បង្ក្រាបដៃគូប្រកួតប្រជែងក្នុងស្រុកទាំងអស់។ ByteDance បានធ្វើឱ្យវិស័យបច្ចេកវិទ្យាមានការភ្ញាក់ផ្អើល ដោយការដាក់តម្លៃសេវាកម្មទិន្នន័យ AI (API) សម្រាប់សាជីវកម្មក្នុងកម្រិតទាបជាងគូប្រជែងឆ្ងាយណាស់។
គួរជម្រាបថា យុទ្ធសាស្ត្រនេះបានជួយឱ្យពួកគេក្តោបក្តាប់ទីផ្សារអាជីវកម្មខ្នាតធំនៅអាស៊ីយ៉ាងរហ័ស។ ដោយផ្អែកលើភាពខ្លាំងខាងផ្នែកវីដេអូស្រាប់ ByteDance បានចាក់លុយរាប់រយលានដុល្លារទៅលើម៉ូដែល AI បំប្លែងអត្ថបទទៅជាវីដេអូ (Text-to-Video) ដើម្បីដេញតាមប្រជែងដោយផ្ទាល់ជាមួយម៉ូដែល Sora របស់ក្រុមហ៊ុន OpenAI នៅលោកខាងលិច៕







