សមាជិកសភាអង់គ្លេសប្តឹងក្រុមហ៊ុន AI របស់លោក Elon Musk ពីបទកាត់តរូបភាពអាសអាភាសក្លែងក្លាយ

05-06-2026 09:55

(បរទេស)៖ លោកស្រី Jess Asato សមាជិកសភាអង់គ្លេសមកពីគណបក្សពលកម្ម (Labour Party) បានសម្រេចចិត្តដាក់ពាក្យប្តឹងក្រុមហ៊ុន xAI របស់មហាសេដ្ឋី Elon Musk ទៅកាន់តុលាការជាន់ខ្ពស់ បន្ទាប់ពីប្រព័ន្ធបញ្ញាសិប្បនិម្មិត Grok (ដំណើរការលើបណ្តាញសង្គម X) ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីបង្កើតរូបភាព និងវីដេអូកាត់តអាសអាភាសក្លែងក្លាយ (Deepfake) ក្នុងបំណងវាយប្រហារលើរូបលោកស្រី ក្រោយពេលដែលលោកស្រីបានចេញមុខរិះគន់ប្រព័ន្ធមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។

ជុំវិញការដាក់ពាក្យប្តឹងដ៏កម្រនេះ លោកស្រី Asato បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រព័ន្ធ Grok បានបង្កើតរូបភាពអាសអាភាសកាត់ត និងខ្លឹមសារអាសអាភាស ដែលបង្កគ្រោះថ្នាក់ដល់ស្ត្រី និងកុមាររាប់ពាន់នាក់។ សមត្ថភាពរបស់វា មិនមែនជាការចៃដន្យ ឬជាការប្រើប្រាស់ក្នុងផ្លូវខុសនោះទេ ប៉ុន្តែវាគឺជាជម្រើសនៃការរចនាប្រព័ន្ធដោយអ្នកបង្កើតវាផ្ទាល់។ តាមរយៈការដាក់ពាក្យប្តឹងក្នុងករណីនេះ ខ្ញុំកំពុងស្វែងរកការទទួលខុសត្រូវចំពោះជម្រើសទាំងនោះ»

ទោះបីជាកន្លងមក ក្រុមហ៊ុន xAI ធ្លាប់បានអះអាងថាខ្លួនបានរឹតបន្តឹង និងរារាំងអ្នកប្រើប្រាស់មិនឱ្យបង្កើតរូបភាពសិចស៊ីខុសច្បាប់ក៏ដោយ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters បានរកឃើញថា ប្រព័ន្ធនេះនៅតែបន្តបង្កើតរូបភាពអាសអាភាសរបស់មនុស្សដដែល ទោះបីជាមានការព្រមានចំៗថាម្ចាស់ខ្លួនមិនយល់ព្រមក៏ដោយ។ ក្រៅពីសមាជិកសភារូបនេះ ទីក្រុង Baltimore នៃសហរដ្ឋអាមេរិក ក៏បានប្តឹងក្រុមហ៊ុន xAI ពីបទរំលោភច្បាប់ការពារអ្នកប្រើប្រាស់ផងដែរ។

គួរជម្រាបថា បណ្តឹងរបស់លោកស្រី Asato មិនត្រឹមតែធ្វើឡើងដើម្បីទាមទារសំណងការខូចខាត និងបង្គាប់ឱ្យ xAI បញ្ឈប់សកម្មភាពខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយក្នុងការពិនិត្យលើទំនួលខុសត្រូវរបស់អ្នកបង្កើតបច្ចេកវិទ្យា។ លោក Ravi Naik នាយកផ្នែកច្បាប់នៃក្រុមហ៊ុនច្បាប់ AWO បានលើកឡើងថា៖ «នេះគឺជាបណ្តឹងដំបូងគេបង្អស់មួយ ដែលធ្វើឡើងដើម្បីសាកល្បងលើការទទួលខុសត្រូវចំពោះការរចនាប្រព័ន្ធ AI ហើយយើងសង្ឃឹមថា វានឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍ AI យល់ច្បាស់ថា សុវត្ថិភាពមិនមែនជារឿងដែលត្រូវគិតគូរតាមក្រោយនោះទេ»