គ្រូប៊ូតង់ សរសើរក្រុមគោព្រៃកម្ពុជាមានការរីកចម្រើន តែមិនទោមនស្សនឹងលទ្ធផល ទោះចាញ់ ៤-០

05-06-2026 10:01

(ភ្នំពេញ)៖ លោក Chencho Dorji គ្រូបង្វឹកក្រុមជម្រើសជាតិប៊ូតង់ បានលើកសរសើរពីភាពរីកចម្រើនរបស់ក្រុមជម្រើសជាតិកម្ពុជា តែក៏មិនទោមនស្សនឹងលទ្ធផលដែរ ដ្បិតក្រុមខ្លួនរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះរហូតដល់ ៤-០ ក៏ដោយ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបមិត្តភាពអន្ដរជាតិកាលពីរាត្រីថ្ងៃទី០៤ ខែមិថុនាកន្លងទៅ គ្រូបង្វឹកជនជាតិប៊ូតង់ដដែល បានលើកឡើងថា កម្ពុជាពិតជាធ្វើបានល្អជាមួយក្រុមកីឡាករ ដែលមានអាយុជាមធ្យមពី ២៧ ទៅ ២៨ឆ្នាំ មុនកម្ពុជាបានផ្លាស់ប្ដូរកីឡាករវ័យក្មេងចូលភាគច្រើននៅវគ្គទី២។

លោក Chencho Dorji បន្ដថា «ក្រុមពួកយើង ក៏មិនខុសពីកម្ពុជាដែរ យើងមានកីឡាករក្មេងៗច្រើន ទោះបីក្រុមធ្វើមិនបានល្អ តែខ្ញុំរីករាយ ដែលឃើញកីឡាកររបស់យើង អាចប្រកួតប្រជែងក្នុងកម្រិតនេះបាន។ យ៉ាងណាមិញ ខ្ញុំឃើញកម្ពុជាមានការរីកចម្រើនមួយចំនួន បន្ទាប់ពីការប្រកួតនេះ»

ជាមួយគ្នា លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏បានកោតសរសើរកូនក្រុមរបស់ខ្លួន សម្រាប់ការធ្វើបានយ៉ាងល្អ រហូតអាចរកបាន ៤គ្រាប់។ លោកបានព្យាយាមប្រើប្រាស់ និងផ្លាស់ប្ដូរកីឡាករទាំងអស់ តាមកូតាកំណត់ (អាចប្ដូរបាន ៨នាក់)។ ជារួមលោកថា កីឡាករម្នាក់មានការយល់ចិត្តគ្នាបានល្អ ដ្បិតការប្រមូលផ្ដុំមានរយៈពេលខ្លី ហើយលោកក៏សង្ឃឹមថា ការប្រកួតបន្ទាប់ ពួកគេនឹងធ្វើបានកាន់តែល្អបន្ថែមទៀត។

សូមបញ្ជាក់ថា គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃ ដែលមិនអនុញ្ញាតឲ្យក្រុមភ្ញៀវប៊ូតង់ តដៃរួចក្នុងជំនួបមិត្តភាពកាលពីយប់មិញ រកបានដោយកីឡាករ ស រតនា នៅនាទីទី៧, ឃូលីបាលី អាបឌែល កាឌែរ នៅនាទី៣៨, សុផល ឌីម៉ង់ នៅនាទី៦៩ និង ម៉ុន រ៉ាដូ នៅនាទី៨៦។

៥ថ្ងៃក្រោយនៃការប្រកួតនេះ កម្ពុជានឹងមានជំនួបមិត្តភាពអន្ដរជាតិមួយទៀត ទល់នឹងក្រុមភ្ញៀវហុងកុង នាថ្ងៃទី០៩ ខែមិថុនាខាងមុខ ដែលជាការត្រៀមលក្ខណៈប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នាពេលខាងមុខ៕