របត់ថ្មីនៃឃ្លាំងទំនិញ៖ Amazon បញ្ចេញរ៉ូបូត AI អាចនិយាយបញ្ជាបាន ដើម្បីពន្លឿនការដឹកជញ្ជូន
05-06-2026 11:27
(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សអាមេរិក Amazon បានប្រកាសដាក់បង្ហាញរ៉ូបូតចល័តឆ្លាតវៃជំនាន់ថ្មី សម្រាប់ប្រើប្រាស់ក្នុងឃ្លាំងទំនិញ ដែលមានសមត្ថភាពអាចយល់ និងឆ្លើយតបទៅនឹងការបញ្ជាជាសំឡេង ឬការសន្ទនាធម្មតាបាន។ ការប្រកាសនេះ គឺជាផ្នែកមួយនៃគម្រោងវិនិយោគដ៏ធំសម្បើមក្នុងទឹកប្រាក់ប្រហែល ១១.៦ ពាន់លានដុល្លារ ទៅលើបណ្តាញគ្រប់គ្រង និងចែកចាយទំនិញរបស់ខ្លួននៅតំបន់អឺរ៉ុប។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Seattle មួយនេះ បានដាក់បង្ហាញរ៉ូបូតជំនាន់ថ្មីដែលមានឈ្មោះថា «Proteus» នៅក្នុងព្រឹត្តិការណ៍ «Delivering the Future» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលចែកចាយទំនិញ Dartford ភាគខាងកើតទីក្រុងឡុងដ៍ ក្នុងគោលបំណងពន្លឿនល្បឿននៃការដឹកជញ្ជូនទំនិញឱ្យកាន់តែរហ័ស។ បច្ចុប្បន្ន រ៉ូបូត Proteus ជំនាន់ដំបូងត្រូវបានដាក់ពង្រាយនៅតាមទីតាំងចំនួន ២៥កន្លែងក្នុងសហរដ្ឋអាមេរិក ប៉ុន្តែវាអាចធ្វើការបានតែនៅក្នុងតំបន់ផែផ្ទុកទំនិញ (Dock areas) ប៉ុណ្ណោះ ដោយមានតួនាទីរុញរទេះទំនិញដែលមានទម្ងន់ធ្ងន់រហូតដល់ទៅជិត ៤០០ គីឡូក្រាម។
រ៉ូបូត Proteus ជំនាន់ថ្មីនេះ គ្រោងនឹងចាប់ផ្តើមដាក់ពង្រាយនៅតំបន់អឺរ៉ុបក្នុងឆមាសទីមួយនៃឆ្នាំ២០២៧។ វាមានសមត្ថភាពពិសេសអាចធ្វើការចល័តបានទូទាំងផ្ទៃឃ្លាំងទំនិញទាំងមូល ដែលនេះជាចំណុចរបត់ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរទម្រង់ការងាររវាងបុគ្គលិកមនុស្ស និងរ៉ូបូត។ លោក Scott Dresser អនុប្រធានផ្នែករ៉ូបូតរបស់ Amazon បានមាននិយាយថា «អ្នកគ្រាន់តែប្រាប់វាថាត្រូវធ្វើអ្វីខ្លះ។ វានឹងគណនាស្វែងរកអាទិភាពការងារ ផ្លូវដែលត្រូវធ្វើដំណើរ និងពេលវេលាដែលត្រូវចាត់ចែងដោយខ្លួនឯងទាំងអស់»។
គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈកន្លងទៅ Amazon បានព្យាករណ៍ពីការកើនឡើងជាង ៥០% នៃកញ្ចប់ថវិកាចំណាយលើដើមទុន (Capital Expenditure) រហូតដល់ទៅ ២០០ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីចូលរួមប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត ក្នុងការបង្កើត និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ AI ឱ្យកាន់តែរឹងមាំ៕











