ព្រះខ័នរាជ ជួបសុទ្ធតែក្រុមជើងឯកលីគ ក្នុងពានក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦/២៧

05-06-2026 13:29

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់ការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ នៅថ្ងៃទី០៥ ខែមិថុនានេះ ដោយក្រុមតំណាងកម្ពុជា គឺក្លិបព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងៗ ដែលសុទ្ធសឹងជាក្រុមជើងឯកលីគតាមបណ្ដាប្រទេសនីមួយៗ ក្រោយចាប់ឆ្នោតស្ថិតនៅក្នុងពូល B។

សម្រាប់លទ្ធផលចាប់ឆ្នោតនៅទីក្រុងហ្សាកាតា នៅព្រឹកនេះ ក្លិបព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូលB ជាមួយក្រុមជើងឯកលីគឡេស៊ី Johor Darul Ta'zim FC, ក្រុមជើងឯកលីគសិង្ហបុរី Lion City Sailors FC, ក្រុមជើងឯកលីគវៀតណាម Cong An Hanoi FC, ក្រុមជើងឯកលីគឥណ្ឌូនេស៊ី Persib Bandung FC និងក្រុមជើងឯករងលីគថៃ Port FC ។ រីឯ ១ក្រុមទៀត គឺជាក្រុមឈ្នះនៅវគ្គ Play-Off រវាងក្រុមជើងឯកលីគឡាវ Ezra FC និងក្រុមជើងឯកលីគមីយ៉ាន់ម៉ា Shan United។

ដោយឡែកបេក្ខភាពពូលA វិញ គឺមាន ៧ក្រុមដូចគ្នា រួមមានមានក្លិប Kuching FC របស់ម៉ាឡេស៊ី, ក្លិប Tampines Rovers FC របស់សិង្ហបុរី, ក្រុមជើងឯកពានរង្វាន់ Vietnam Cup របស់វៀតណាម, ក្លិប Borneo FC របស់ឥណ្ឌូនេស៊ី, ក្លិប Buriram United និង Ratchaburi FC របស់ថៃ និងក្រុមឈ្នះនៅវគ្គ Play-Off រវាងក្លិប Kasuka FC របស់ប្រ៊ុយណេ និងក្លិប Manila Digger FC របស់ហ្វីលីពីន។

គួរដឹងថា យុទ្ធនាការប្រកួតជើងឯកក្លិបប្រចាំតំបន់នេះ គ្រោងនឹងចាប់ផ្ដើមការប្រកួតនាខែសីហាខាងមុខ ។ បន្ទាប់ពីបញ្ចប់ការប្រកួតតាមពូល ក្រុមឈរលេខ១ ដល់លេខ៤ តាមពូលនីមួយៗ នឹងទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយ ដើម្បីបន្ដការប្រកួតប្រជែងកៅអីវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជ័យលាភីតែម្ដង៕