ក្រុមហ៊ុន Solar យក្សរបស់ចិន សម្រុកផលិត «អាគុយផ្ទុកថាមពល» យ៉ាងគំហុក ក្រោយទីផ្សារផ្ទាំងសូឡាធ្លាក់ថ្លៃ និងជួបវិបត្តិផ្គត់ផ្គង់លើសតម្រូវការ
05-06-2026 13:44
(ចិន)៖ ក្រុមហ៊ុនផលិតផ្ទាំងសូឡា (Solar) លំដាប់កំពូលៗរបស់ប្រទេសចិន កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មយ៉ាងធំដោយងាកមកបង្កើនការផលិត និងនាំចេញ «អាគុយផ្ទុកថាមពល (Battery Storage)» ដែលអាចទទួលបានប្រាក់ចំណេញខ្ពស់វិញ ដើម្បីស្តារប្រាក់ចំណូលរបស់ខ្លួនឡើងលើទីផ្សារ ក្នុងពេលដែលការលក់ផ្ទាំងសូឡា (PV) កំពុងជួបវិបត្តិធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។
ការផ្លាស់ប្តូរទិសដៅជាយុទ្ធសាស្ត្រនេះ ធ្វើឡើងស្របពេលដែលតម្រូវការជាសកលលើប្រព័ន្ធផ្ទុកថាមពលកកើតឡើងវិញមានការហក់ឡើងខ្ពស់ ដើម្បីកាត់បន្ថយការដាច់ចរន្តអគ្គិសនី និងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពល Fossil។ ផ្ទុយទៅវិញ វិស័យផលិតផ្ទាំងសូឡាកន្លងមករបស់ចិន កំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីការប្រកួតប្រជែងតម្លៃ និងកត្តាទីផ្សារសកល។
យោងតាមទិន្នន័យចុងក្រោយពីស្ថាប័នស្រាវជ្រាវថាមពលសកល Ember បានបង្ហាញឱ្យឃើញថា អត្រាកំណើននៃការនាំចេញផ្ទាំងសូឡារបស់ចិនក្នុងឆ្នាំ២០២៥ មានត្រឹមតែ ៤.៧% ប៉ុណ្ណោះ។ ដែលនេះជាអត្រាកំណើនយឺតបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៨ មក។ បញ្ហាធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញទីផ្សារសកលបានព្យាករណ៍ថា នឹងបន្តអូសបន្លាយរហូតដល់ចុងឆ្នាំ២០២៦ នេះ ដោយសារតែការដំឡើងផ្ទាំងសូឡាក្នុងស្រុករបស់ប្រទេសចិន ជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការទីផ្សារ បណ្តាលឱ្យតម្លៃផ្ទាំងសូឡាធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ។
ជាមួយបញ្ហានេះក្រុមហ៊ុនវិនិយោកចិនជាច្រើន បានបង្វែរកាណុងមកកាន់ទីផ្សារអាគុយផ្ទុកថាមពលវិញ ដើម្បីជាជំហានរកផ្លូវដោះស្រាយ និងរំដោះខ្លួនចេញពីវិបត្តិសង្គ្រាមតម្លៃទីផ្សារសកលនេះ ខណៈក្រុមហ៊ុនថាមពលព្រះអាទិត្យធំៗលំដាប់ពិភពលោករបស់ចិន រួមមាន JinkoSolar, JA Solar, LONGi Green Energy, និង Trina Solar បានរួមគ្នាពន្លឿនការវិនិយោគ និងពង្រីកផលិតអាគុយផ្ទុកថាមពលយ៉ាងគំហុកក្នុងបច្ចុប្បន្នភាពនេះ។
ជាមួយគ្នានេះក្រុមហ៊ុន JinkoSolar ក៏បានប្រកាសផែនការបង្កើនធំក្នុងការផលិតអាគុយផ្ទុកថាមពលរបស់ខ្លួនជិត ៣ដង ពោលគឺកើនឡើងពី (5GWh) ទៅដល់ (13-14GWh) នៅត្រឹមចុងឆ្នាំ២០២៦ នេះ។ លោក Titus Koech ប្រធានផ្នែកបច្ចេកទេសក្នុងតំបន់របស់ក្រុមហ៊ុន JinkoSolar បានថ្លែងថា ក្រុមប្រឹក្សាភិបាលកំពុងគាំទ្រយ៉ាងពេញទំហឹងលើកញ្ចប់ថវិកាវិនិយោគសម្រាប់ការបង្កើននេះ។
ដូចគ្នានេះដែរក្រុមហ៊ុន JA Solar នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ឧស្សកម្មសូឡាដ៏ធំបំផុត «SNEC» នៅទីក្រុងស៊ាងហៃកន្លងមក ដែលមានអ្នកចូលរួមជាងកន្លះលាននាក់នោះ ក៏បានប្រកាស ពីគោលដៅបង្វែរការចាប់អារម្មណ៍របស់អតិថិជន ដោយយកផលិតផលអាគុយផ្ទុកថាមពលជំនាន់ថ្មី មកដាក់បង្ហាញនៅចំកណ្តាលស្តង់ផ្ទាល់តែម្តង។
អ្នកស្រី Gloria Gao ប្រធានផ្នែកទីផ្សារនៃអង្គភាពផ្ទុកថាមពលរបស់ក្រុមហ៊ុន JA Solar បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើនៅតែរឹងរូសរក្សាតែអាជីវកម្មផ្ទាំងសូឡាមួយមុខ នោះមិនអាចជួយឱ្យក្រុមហ៊ុនរីកចម្រើនទៅមុខបានឡើយ ព្រោះកម្រិតប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន គឺតូចខ្លាំងណាស់ នោះជាមូលហេតុដែលយើងចាប់ផ្តើមសម្រុកលើអាជីវកម្មផ្ទុកថាមពល ព្រោះមើលឃើញយ៉ាងច្បាស់ពីអនាគតដ៏រឹងមាំរបស់វា»។
សូមជម្រាបផងថា ប្រព័ន្ធអាគុយផ្ទុកថាមពល កំពុងដើរតួនាទីជាឆ្អឹងខ្នងយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា «ភាពមិនទៀងទាត់» នៃថាមពលបៃតង ដូចជាការរក្សាទុកថាមពលដែលផលិតបានពីពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ដើម្បីយកទៅប្រើប្រាស់នៅពេលយប់ ឬពេលមេឃស្រទម។
យោងតាមរបាយការណ៍ដដែលបានគូសបញ្ជាក់ថា បណ្តាប្រទេសដែលមានអត្រាប្រើប្រាស់ថាមពលកកើតឡើងវិញខ្ពស់មានដូចជា អាល្លឺម៉ង់ ហូឡង់ សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន វៀតណាម និងឥណ្ឌា គឺជាក្រុមប្រទេសដែលកំពុងនាំចូលអាគុយផ្ទុកថាមពលធំបំផុតពីប្រទេសចិន ដើម្បីពង្រឹងបញ្ហាថាមពលក្នុងតំបន់។
តាមរយៈភាពចាំបាច់នេះ អ្នកជំនាញសេដ្ឋកិច្ចទីផ្សារបានវាយតម្លៃថា ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Solar ចិនទាំងនេះ មិនត្រឹមតែជាយន្តការរំដោះខ្លួនចេញពីវិបត្តិសង្គ្រាមតម្លៃផ្ទាំងសូឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏វៃឆ្លាតក្នុងការក្តោបក្តាប់ និងដឹកនាំការផលិតផ្គត់ផ្គង់ថ្មី នៃបដិវត្តថាមពលបៃតងជាសកលផងដែរ៕




