ក្លិបចំបាប់ព្រះធាតុ ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិមួយនេះ
05-06-2026 14:48
(ភ្នំពេញ)៖ ក្លិបកីឡាចំបាប់ព្រះធាតុ បានលេចចេញជារូបរាង និងសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ដែលមានទីតាំងនៅភូមិឥន្ធធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដើម្បីចូលរួមបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីជំនាន់ក្រោយ ពិសេសការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍នូវប្រភេទកីឡាអត្តសញ្ញាណជាតិមួយនេះ។
ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លិបចំបាប់ថ្មីនេះ មានការចូលរួមពីលោក ខេស៊ី បាណេត អនុប្រធាន តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ហើយក្នុងនាមប្រធានសហព័ន្ធ លោកក៏បានឧបត្ថម្ភថវិកា ២លានរៀល សម្រាប់ទ្រទ្រង់ក្លិប ព្រមទាំងការផ្ដល់នូវសម្ភារមួយចំនួនពីសហព័ន្ធផងដែរ។
ដើម្បីអបអរសាទរដល់ការបើកដំណើរក្លិបថ្មីខាងលើ ក្លិបចំបាប់ព្រះធាតុ ក៏បានរៀបចំនូវការប្រកួតកីឡាចំបាប់ថ្នាក់ខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីវ័យក្មេងជាច្រើនផងដែរ។
តាមរយៈការបង្កើតនូវក្លិបតាមខេត្តបែបនេះ ថ្នាក់ដឹកនាំសហព័ន្ធរំពឹងថា នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការពង្រីកការបណ្ដុះបណ្ដាលនូវបច្ចេកទេស ក៏ដូចជាកសាងនូវថ្នាលកីឡាករ-កីឡាការិនីកាន់តែសម្បូរបែបនៅទូទាំងប្រទេស សម្រាប់បន្ដវេន និងត្រៀមការប្រកួតថ្នាក់ជាតិ-អន្ដរជាតិនានា ពិសេសការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ខាងមុខ៕









