ក្រុមហ៊ុន Anthropic ព្រមាន៖ AI ជំនាន់ថ្មីអាចលឿនហួសការគ្រប់គ្រង ត្រូវការផែនការរួមគ្នាដើម្បីផ្អាក បើហានិភ័យកើតឡើង
06-06-2026 07:52
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា AI ឈានមុខគេ Anthropic បានអំពាវនាវឱ្យមានការបង្កើតយន្តការរួមគ្នា និងការផ្ទៀងផ្ទាត់ច្បាស់លាស់មួយ ក្នុងចំណោមអ្នកអភិវឌ្ឍន៍ AI ធំៗ ដើម្បីពន្យារពេល ឬផ្អាកការស្រាវជ្រាវជាបណ្តោះអាសន្ន។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានការបារម្ភថា ប្រព័ន្ធ AI កម្រិតខ្ពស់នាពេលបច្ចុប្បន្ន កំពុងចាប់ផ្តើមមានសមត្ថភាពអភិវឌ្ឍខ្លួនឯង លឿនជាងល្បឿនដែលសង្គមមនុស្សអាចគ្រប់គ្រងហានិភ័យទាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។
ការបង្កើត AI ដែលមានសមត្ថភាពកែច្នៃ និងបង្កើតខ្លួនឯងឡើងវិញបាន ត្រូវបានចាត់ទុកថាជាចំណុចរបត់ប្រវត្តិសាស្ត្រមួយ ប៉ុន្តែវាក៏បង្កជាក្តីបារម្ភយ៉ាងខ្លាំងផងដែរ។ ក្រុមហ៊ុន Anthropic បានគូសបញ្ជាក់ថា៖ «ការអភិវឌ្ឍខ្លួនឯងឡើងវិញដោយស្វ័យប្រវត្តិទាំងស្រុង (Full recursive self-improvement) ក៏អាចបង្កើនហានិភ័យក្នុងការធ្វើឱ្យមនុស្សបាត់បង់ការគ្រប់គ្រងលើប្រព័ន្ធ AI ផងដែរ»។ ដើម្បីជាភស្តុតាងជាក់ស្តែង ក្រុមហ៊ុនបានទម្លាយថា គិតត្រឹមខែឧសភា កូដ (Code) ជាង ៨០% នៅក្នុងប្រព័ន្ធរបស់ខ្លួន គឺត្រូវបានសរសេរឡើងដោយម៉ូដែល AI ឈ្មោះ Claude រួចទៅហើយ។
ទោះជាយ៉ាងណា ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ការផ្អាកដោយឯកតោភាគីពីសំណាក់ក្រុមហ៊ុនណាមួយតែម្នាក់ឯង នឹងមិនមានប្រសិទ្ធភាពនោះទេ ព្រោះវានឹងគ្រាន់តែធ្វើឱ្យបាត់បង់ឱកាសប្រកួតប្រជែង ខណៈអ្នកផ្សេងទៀតនៅតែបន្តទៅមុខ។ ការផ្អាកដែលមានឥទ្ធិពលទៅបាន លុះត្រាតែមានកិច្ចព្រមព្រៀងរួមគ្នាក្នុងចំណោម «មន្ទីរពិសោធន៍ដែលមានធនធានច្រើន» ព្រមទាំងមានច្បាប់កំណត់ច្បាស់លាស់ថា តើលក្ខខណ្ឌបែបណាទើបត្រូវផ្អាក ឬត្រូវដកបម្រាមផ្អាកវិញ និងអ្នកណាកំពុងត្រួតពិនិត្យរឿងនេះ។
ដើម្បីស្វែងរកដំណោះស្រាយ Anthropic គ្រោងនឹងរៀបចំការពិភាក្សានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយកោះហៅអ្នកកំណត់គោលនយោបាយ អ្នកស្រាវជ្រាវ និងក្រុមហ៊ុន AI ដទៃទៀត មកជជែកពីយន្តការគ្រប់គ្រងហានិភ័យ។ សេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងស្របពេលដែលក្រុមហ៊ុន Anthropic ទើបតែបញ្ចប់ការកៀរគរទុន ដែលជម្រុញឱ្យតម្លៃខ្លួនកើនឡើងដល់ ៩៦៥ ពាន់លានដុល្លារ និងទើបតែបានដាក់ពាក្យស្នើសុំជាសម្ងាត់ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) នៅសហរដ្ឋអាមេរិកផងដែរ៕











