កាណាដាបញ្ចេញយុទ្ធសាស្ត្រ «AI សម្រាប់ទាំងអស់គ្នា»៖ បង្កើតការងាររាប់សែនកន្លែង និងជំរុញសេដ្ឋកិច្ចឱ្យហក់ឡើងខ្លាំង
06-06-2026 10:13
(បរទេស)៖ រដ្ឋាភិបាលកាណាដាបានបើកបង្ហាញយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិត (AI) ថ្មីស្រឡាងមួយក្រោមឈ្មោះថា «AI for all» (AI សម្រាប់ទាំងអស់គ្នា)។ យុទ្ធសាស្ត្រនេះត្រូវបានប្រកាសឡើងដោយនាយករដ្ឋមន្ត្រី Mark Carney ក្នុងគោលបំណងជម្រុញផលិតភាពការងាររបស់ប្រទេសដែលធ្លាប់តែមានកម្រិតទាប តាមរយៈការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនក្នុងស្រុកឱ្យមានលទ្ធភាពបង្កើតឧបករណ៍ AI ទំនើបៗសម្រាប់ដំណើរការទិន្នន័យបានយ៉ាងរហ័ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។
រដ្ឋាភិបាលកាណាដារំពឹងថា យុទ្ធសាស្ត្រថ្មីនេះនឹងជួយបង្កើតការងាររហូតដល់ ២៥០,០០០ កន្លែងត្រឹមឆ្នាំ ២០៣១ និងជួយជម្រុញផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឱ្យកើនឡើង ៣% ដែលស្មើនឹងការបង្កើតតម្លៃទឹកប្រាក់ជិត ២០០ ពាន់លានដុល្លារកាណាដា។ បច្ចុប្បន្ន វិស័យឌីជីថលរបស់កាណាដាមានតួនាទីយ៉ាងសំខាន់ដោយកំពុងផ្តល់ការងារដល់មនុស្សប្រហែល ៨០០,០០០ នាក់ និងរួមចំណែកជាង ១៤០ ពាន់លានដុល្លារកាណាដាទៅក្នុង GDP រួចទៅហើយ។
ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបាន កាណាដានឹងបង្កើត «មូលនិធិរីកចម្រើនបច្ចេកវិទ្យាកាណាដា» (Canadian Tech Growth Fund) ក្នុងទំហំទឹកប្រាក់ ៥០០ លានដុល្លារកាណាដា ដើម្បីជួយបំពេញចន្លោះប្រហោងនៃកង្វះខាតទុន ហើយថែមទាំងអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធអាចចូលរួមទិញភាគហ៊ុនក្នុងក្រុមហ៊ុន AI ក្នុងស្រុកទៀតផង។ ក្រៅពីនេះ ថវិកា ៥០០ លានដុល្លារកាណាដាផ្សេងទៀតមកពីធនាគារអភិវឌ្ឍន៍អាជីវកម្មនៃប្រទេសកាណាដា នឹងត្រូវប្រើដើម្បីជួយសហគ្រាសធុនតូច និងមធ្យមឱ្យទទួលបានឧបករណ៍ AI យកទៅប្រើប្រាស់។
ទន្ទឹមនឹងការជំរុញផ្នែកសេដ្ឋកិច្ច កាណាដាក៏បានសង្កត់ធ្ងន់ជាថ្មីនូវផែនការដាក់ចេញច្បាប់ស្តីពីឯកជនភាពអ្នកប្រើប្រាស់ថ្មី ដើម្បីការពារព័ត៌មាន និងសកម្មភាពលើអ៊ីនធឺណិតរបស់កុមារ ប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេង (Deep fakes) និងពង្រឹងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន។ លើសពីនេះ រដ្ឋាភិបាលនឹងវិនិយោគទឹកប្រាក់ ៥០ លានដុល្លារកាណាដា ដើម្បីតាមដានហានិភ័យ និងវាយតម្លៃម៉ូដែល AI នានាដោយតម្លាភាព ទោះបីជាមិនទាន់ប្រកាសពីកាលវិភាគច្បាស់លាស់ក្នុងការអនុវត្តច្បាប់ទាំងនេះក៏ដោយ៕










