គោព្រៃជំទង់កម្ពុជា ជួបហ្វីលីពីន បើកឆាកពាន U19 អាស៊ាន ខណៈក្រុមនារីកម្ពុជា ប៉ះសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅឥណ្ឌូនេស៊ីល្ងាចនេះ

06-06-2026 15:42

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា និងក្រុមជម្រើសជាតិនារីកម្ពុជា នឹងមានភារកិច្ចប្រកួតអន្ដរជាតិរៀងៗខ្លួន នៅល្ងាចថ្ងៃទី០៦ ខែមិថុនានេះ នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន Stadion Arcamanik។ នេះគឺជាជំនួបមិត្តភាពដំបូង ក្នុងចំណោម ២ប្រកួត ដែលក្រុមបាល់ទាត់នារីកម្ពុជា ត្រូវប្រកួតនៅទឹកដីឥណ្ឌូនេស៊ី មុនជួបក្រុមម្ចាស់ផ្ទះជម្រើសជាតិឥណ្ឌូនេស៊ី នាថ្ងៃទី៩ ខែមិថុនាខាងមុខ។

ដោយឡែកក្រុមគោព្រៃជំទង់កម្ពុជាវិញ នឹងត្រូវជួបក្រុមជម្រើសជាតិ U19 ហ្វីលីពីន នាវេលាម៉ោង ៨យប់ ដែលជំនួបដំបូងក្នុងពូលC របស់ក្រុមយុវជន U19 កម្ពុជា ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ 𝗔𝗦𝗘𝗔𝗡​ 𝗨𝟭𝟵 𝗕𝗼𝘆𝘀’​𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽 𝟮𝟬𝟮𝟲 ដែលឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ តែជាការប្រកួតទី២ របស់ហ្វីលីពីន បន្ទាប់ពីប្រកួតដំបូងពួកគេ បានចាញ់ក្រុមយុវជន U19 អូស្ដ្រាលី ១០-០ កាលពីថ្មីៗ។

នេះគឺជការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ក្នុងពូលដែលមានបេក្ខភាពត្រឹម ៣ក្រុម ពោលគឺជម្រើសជាតិ U19 កម្ពុជា ត្រូវការជ័យជម្នះចាំបាច់ មុនបន្ដជួបក្រុមខ្លាំងអូស្ដ្រាលី នាថ្ងៃទី៩ ខែមិថុនាខាងមុខ ដើម្បីមានឱកាសប្រជែងកៅអីវគ្គបន្ដ៕