IDI ចុះ MOU ក្រុមហ៊ុនយក្សចិន New Dazheng Property Group សហការវិនិយោគនៅកម្ពុជា
06-06-2026 22:15
(ភ្នំពេញ)៖ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (Innovation and Development Investors Association ហៅកាត់ថា IDI) តំណាងដោយឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានចុះអនុស្សារណៈយោគយល់គ្នា MOU ជាមួយក្រុមហ៊ុនយក្សចិន New Dazheng (NDZ) Property Group (http://www.dzwy.com) តំណាងដោយលោក Wang Yingwu អគ្គនាយកទីផ្សារ ក្នុងគោលបំណងបង្កើតក្រុមហ៊ុនរួមគ្នា Joint Venture នៅកម្ពុជា។
ការចុះ MoU នេះ ដើម្បីផ្តល់សេវាគ្រប់គ្រងកម្រិតអចលនទ្រព្យកម្រិតអន្តរជាតិដល់តំបន់ឧស្សាហកម្ម, រោងចក្រ, អាគារពាណិជ្ជកម្ម និងស្នាក់នៅ ជាពិសេសធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគិនតំបន់ឧស្សាហកម្ម និងរោងចក្រកម្មន្តសាលរបស់ចិចិនមកកម្ពុជា។
ដោយក្រុមហ៊ុន NDZ គឺជាក្រុមហ៊ុនទី១២ ក្នុងវិស័យគ្រហគ្រងអចលនទ្រពនៅប្រទេសចិន ស្ថិតក្នុងផ្សារភាគហ៊ុនកម្រិតទី១ និងសរុបចំណូលជាង ៥០០លានដុល្លារ ក្នុងឆ្នាំ២០២៥, ក្រុមហ៊ុន New Dazheng គ្រប់គ្រង សហគ្រាស និងរោងចក្រ ប្រមាណជាង ១,៨០០សហគ្រាស, ១០០តំបន់ឧស្សាហកម្ម, ៥០តំបន់ឡូជីស្តីក. ៣០ព្រលានយន្តហោះ និង១០០ សកលវិទ្យាល័យ។
ក្រុមហ៊ុន New Dazheng បានទទួលស្គាល់ជាក្រុមហ៊ុនមានប្រតិបត្តិការឆ្នើម ក្នុងវិស័យគ្រប់គ្រងអចនទ្រព្យដែលមានគុណតម្លៃខ្ពស់ ដូចជាការផ្តល់សេវាជូនដល់ រោងចក្រធំៗក្នុងវិស័យយានយន្ត Tesla, BYD និង Xiaomi, សហគ្រាសនាំមុខផលិតថាមពលថ្មី CATL និង GE Energy, កម្មន្តសាលឧស្សាហកម្មមុនគេ BOSCH, Siemens, Philipps និង Samsung, បណ្តុំព្រលានយន្តហោះធំៗ ដូចជានៅ ប៉េកាំង, ឆុងឈីង និងស៊ឺនជឺន។ល។
ការសហការដៃគូរយុទ្ធសាស្ត្ររវាង IDI និង New DaZheng បង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹង និងលើកតម្កើនវិស័យគ្រប់គ្រងអចលនទ្រព្យ និងទ្រទ្រង់ការអភិវឌ្ឍន៍ឧស្សាហកម្មឲ្យកាន់តែមានសក្តានុពលនៅកម្ពុជា៕













