ASEAN U19៖ កម្ពុជា យកឈ្នះហ្វីលីពីន ៣-០ តែត្រូវចាំអ៊ុតការប្រកួតចុងក្រោយ ទល់អូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២
07-06-2026 12:18
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិយុវជន U19 ហ្វីលីពីន ដោយលទ្ធផល ៣-០ ក្នុងការប្រកួតដំបូងរបស់ខ្លួន នៃការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ 𝗔𝗦𝗘𝗔𝗡 𝗨𝟭𝟵 𝗕𝗼𝘆𝘀’𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ។
ជំនួបបើកឆាកពូល A របស់ក្រុមគោព្រៃជំទង់កម្ពុជា ពិតជាធ្វើបានយ៉ាងល្អ ដោយវគ្គទី១ រកបាន ៣គ្រាប់ ដោយកីឡាករ សែត មាហាម៉ាត់សាឡះ ២គ្រាប់ នៅនាទីទី៤ និងនាទី១៤ និងកីឡាករ ស៊ីថា ម៉េងជូ បន្ថែម ១គ្រាប់ទៀត នៅនាទី៣៩ មុនក្រុម 𝗨𝟭𝟵 កម្ពុជា ប្ដូរទម្រង់លេងការពារនៅវគ្គទី២ ដោយរារាំងក្រុម 𝗨𝟭𝟵 ហ្វីលីពីន មិនឲ្យរកគ្រាប់បាល់បានឡើយ។
ជ័យជម្នះនេះ បានក្លាយជាឱកាសសម្រាប់ក្រុមជម្រើសជាតិ U19 កម្ពុជា ក្នុងការអ៊ុតកៅអីវគ្គបន្ដ តែក៏មិនទាន់មានក្ដីសង្ឃឹមខ្ពស់ដែរ ដោយត្រូវរង់ចាំមើលលទ្ធផលការប្រកួតបញ្ចប់ពូល A និងពូល B ពិសេសជំនួបបញ្ចប់ពូល C រវាងកម្ពុជា និងអូស្ដ្រាលី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។
គួរដឹងថា ក្នុងពានរង្វាន់យុវជន U19 ប្រចាំតំបន់អាស៊ាននេះ មាន ១២ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះពូលA និងពូលB មាន ៤ក្រុម ខណៈពូល C មាន ៣ក្រុម។ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល ក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុមនឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះការកំណត់ក្រុមលេខ២ ល្អជាងគេ សម្រាប់បេក្ខភាពក្រុមលេខ២ ពូល A និងពូលB នឹងត្រូវមិនគិតបញ្ចូលទ្ធផលជួបក្រុមបាតតារាងនៃពូលនីមួយៗឡើយ៕








