សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦
07-06-2026 15:05
(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និងលោក ស៊ុន សេដ្ឋាសាកលវិទ្យាធិការ និងជាប្រធានប្រតិភូដឹកនាំប្រតិភូ គ្រូបង្វឹក-ជំនួយ និងក្រុមនិស្សិតដែលជាកីឡាករ កីឡាការិនីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ»។
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនេះ បានធ្វេីឡេីងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៦ ដែលមានរយៈពេល ៩ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ១ ៨៧៦នាក់ មកពីបណ្តាសាកលវិទ្យាល័យ និងមធ្យមសិក្សាបច្ចេកទេសចំនួន ៤៣ទូទាំងប្រទេសលើ ១២ប្រភេទកីឡា មាន ១០០វិញ្ញាសាប្រកួត ទីលានប្រកួតមាន ១០ទីតាំង ចំពោះការស្នាក់នៅរបស់កីឡាករ កីឡាការិនីមាន ៩ទីតាំងចំនួន ១០០០បន្ទប់ ជាពិសេសមានរថយន្តដឹកជញ្ជូនចំនួន៥០គ្រឿង និងការហូបចុកមាន២ទីតាំង។
កីឡាករ កីឡាការិនីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដាក់ពាក្យស្នើសុំចូលរួមប្រកួតចំនួន ៨ប្រភេទកីឡា រួមមាន៖ ១. បាល់ បោះ (បុរស-នារី) ២. អត្តពលកម្ម(បុរស-នារី) ៣. ប៊ូលនិងប៉េតង់ (បុរស-នារី) ៤. តេក្វាន់ដូ ITF (បុរស-នារី) ៥. គុនដាវ (បុរស-នារី) ៦. វាយកូនឃ្លីលើតុ (បុរស-នារី) ៧. ហែលទឹក (បុរស-នារី) ៨. បាល់ទះ (នារី) ដែលមានសមាជិកប្រតិភូ ១១៣នាក់ ស្រី ៤៨នាក់។
សូមបញ្ជាក់ដែរថា ក្នុងការប្រកួតនេះ នាពេលកន្លងមក ក្រុមកីឡាករ កីឡាការិនី របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្លប់ទទួលបានពានឧត្តមភាពមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមប្រធានបទ «កីឡាឌីជីថល ជាអនាគតយុវជន» ដោយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ទទួលបានមេដាយសរុបចំនួន ៦១គ្រឿង រួមមាន៖ មាស ២៨គ្រឿងប្រាក់ ១៨គ្រឿង និងសំរឹទ្ធិ ១៥គ្រឿង៕






























