មិនធ្លាប់មាន! Google ព្រមជួលកំពូលកុំព្យូទ័រពី SpaceX ក្នុងតម្លៃជិត ១ពាន់លានដុល្លារក្នុងមួយខែ

08-06-2026 09:29

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលមានតម្លៃរហូតដល់ ៣០ពាន់លានដុល្លារអាមេរិក ដើម្បីជួលកម្លាំងម៉ាស៊ីនគណនានិងប្រព័ន្ធផ្ទុកទិន្នន័យ (Computing Power) ពីក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ក្នុងតម្លៃប្រមាណ ៩២០លានដុល្លារអាមេរិកក្នុងមួយខែ រហូតដល់ខែមិថុនា ឆ្នាំ២០២៩។

ការចរចាដ៏កក្រើកនេះបានកើតឡើងភ្លាមៗ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែល SpaceX ត្រៀមខ្លួនដាក់លក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅលើផ្សារភាគហ៊ុន Nasdaq នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ នេះ ដែលត្រូវបានរំពឹងថានឹងធ្វើឱ្យតម្លៃទីផ្សាររបស់ SpaceX កើនឡើងរហូតដល់ជាង ១.៧៥ ទ្រីលានដុល្លារ (លានលានដុល្លារ)។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ កាលពី ៥ឆ្នាំមុន Google គឺជាអ្នកផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទៅឱ្យ SpaceX ដើម្បីដំណើរការប្រព័ន្ធអ៊ីនធឺណិតរណប Starlink ប៉ុន្តែនៅពេលនេះ ស្ថានភាពត្រូវបានផ្លាស់ប្តូរទាំងស្រុង ដោយ Google ត្រូវងាកមកជួលកម្លាំងម៉ាស៊ីនពី SpaceX វិញ ដើម្បីយកទៅគាំទ្រប្រព័ន្ធ AI របស់ខ្លួន។ ការប្រែប្រួលដ៏ធំនេះកើតឡើងបន្ទាប់ពី SpaceX បានទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ការទិញយកនេះបានធ្វើឱ្យ SpaceX ក្លាយជាម្ចាស់គ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) យក្សលំដាប់កំពូលនៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា «Colossus» ដោយមានសមត្ថភាពគណនាសរុបលើសពី ២ ជីហ្គាវ៉ាត់ (GW) និងធ្វើឱ្យតម្លៃរួមគ្នារបស់ «SpaceX/AI» ហក់ឡើងដល់ ១.២៥ ទ្រីលានដុល្លារ។

យោងតាមឯកសារផ្លូវការ Google នឹងប្រើប្រាស់បន្ទះឈីបដំណើរការដ៏មានឥទ្ធិពល Nvidia GPUs ចំនួន ១១០,០០០ គ្រាប់ រួមទាំងអង្គគណនា (CPUs) និងអង្គចងចាំ (Memory) ដែលបំពាក់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ SpaceX ដោយគម្រោងជួលនេះនឹងចាប់ផ្តើមពេញលេញពីខែតុលា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៩។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចព្រមព្រៀងក៏មានលក្ខខណ្ឌព្រមានតឹងរ៉ឹងផងដែរថា ពោលប្រសិនបើ SpaceX មិនអាចផ្តល់សិទ្ធិចូលប្រើប្រាស់បន្ទះឈីប GPUs តាមចំនួនដែលបានសន្យាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទេនោះ Google មានសិទ្ធិផ្តាច់កិច្ចសន្យាភ្លាមៗ ឬក៏ទទួលយកឧបករណ៍ដែលមាន ប៉ុន្តែត្រូវទាមទារការបញ្ចុះតម្លៃជួល។ មុនពេលឈានដល់កិច្ចព្រមព្រៀងជាមួយ Google ក្រុមហ៊ុន SpaceX ក៏បានចុះកិច្ចសន្យាស្រដៀងគ្នានេះជាមួយក្រុមហ៊ុន AI ដ៏ល្បីមួយទៀតគឺ Anthropic កាលពីខែឧសភាផងដែរ។

ទោះជាយ៉ាងណា ស្របពេលដែលលោក Elon Musk កំពុងបង្ហាញពីភាពជោគជ័យនៃការរកចំណូលពីមជ្ឈមណ្ឌលទិន្នន័យទាំងនេះ ក្រុមហ៊ុន xAI ក៏កំពុងប្រឈមមុខនឹងព្យុះច្បាប់និងការស៊ើបអង្កេតជាសកល ជុំវិញបញ្ហរូបភាពអាសអាភាសក្លែងក្លាយ (Deepfake pornography) ដែលបង្កើតឡើងដោយកម្មវិធី Grok AI របស់ខ្លួន។ ករណីបំពានច្បាប់ការពារទិន្នន័យ (GDPR) នៅក្នុងចក្រភពអង់គ្លេស និងតំបន់អឺរ៉ុប អាចប្រឈមនឹងការផាកពិន័យជាប្រាក់រហូតដល់ ៤% នៃចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុនទូទាំងពិភពលោក៕