ការប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប បន្ដរៀបចំដើម្បីចម្រាញ់ថ្នាលត្រៀមឆ្នាំ២០៣១

08-06-2026 10:20


(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយជោគជ័យនាចុងសប្ដាហ៍កន្លងទៅ ដើម្បីចម្រាញ់ និងបណ្តុះបណ្តាលធនធានអត្តពលិកថ្នាលឆ្នើមៗ សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១។

លោក យីវ វណ្ណឌី គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតនេះមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ១៥១នាក់មកពី ១៥សមាគម/ក្លិបចូលរួម ដោយប្រកួតលើ ៣កម្រិតអាយុចាប់ពី ៨ឆ្នាំ ដល់អាយុក្រោម ១៤ឆ្នាំ ដែលធ្វើឱ្យការប្រកួតលើវិញ្ញាសាប្រយុទ្ធ និងមេគុនសរុបចំនួន ៣៧វិញ្ញាសា។

លោកថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យកុមារបានចូលរួមប្រកួត បង្ហាញនូវសមត្ថភាព និងទេពកោលស្យ សម្ដៅសម្រិតសម្រាំងរកធនធានកីឡាករ-កីឡាការិនីថ្នាលឆ្នើមៗ ឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ ក្រោយចប់ការប្រកួត កីឡាករ-កីឡាការិនី ទទួលបានជយលាភី នឹងត្រូវចូលរួមកម្មវិធីបោះជំរុំហ្វឹកហាត់ថ្នាក់ជាតិ ដើម្បីធ្វើតេស្ដ និងក្លាយជាជម្រើសថ្នាលតែម្ដង។

ទន្ទឹមជាមួយគ្នា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ដែលបានផ្តួចផ្តើម និងសហការរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះឡើង ដ្បិតព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ពង្រឹងមិត្តភាព និងការយល់ដឹងរវាងប្រជាជនកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងជាស្ពានវប្បធម៌ដែលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ តាមរយៈការរៀបចំរៀងរាល់ឆ្នាំ ពានរង្វាន់នេះក៏បានរួមចំណែកជួយលើកកម្ពស់ ពង្រឹងសុខភាព និងកាយសម្បទា ក៏ដូចជាការបណ្តុះវិន័យ ការគោរព ការអត់ធ្មត់ និងស្មារតីប្រឹងប្រែងដល់យុវជនកម្ពុជាផងដែរ។ ម្យ៉ាងការរៀបចំព្រឹត្តិការណ៍កីឡាលើទឹកដីអង្គរនេះ ក៏បានផ្សារភ្ជាប់កីឡាទៅនឹងទេសចរណ៍ វប្បធម៌ ពោលគឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាពខេត្ត និងជំរុញវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរីកចម្រើនផងដែរ៕