បច្ចេកវិទ្យាទំនើបលំដាប់សកល ក្រោមស្នាដៃសហគ្រិនខ្មែរ! ខ្មែរ ប៊ែវើរីជីស បន្តភាពលេចធ្លោលើឆាកអន្តរជាតិ នាំយកមេដាយមាសបន្ថែមទៀតពី Monde Selection ក្នុងឆ្នាំ២០២៦
08-06-2026 10:30
(ភ្នំពេញ)៖ ពង្រីកមុខមាត់ប្រទេសលើឆាកអន្តរជាតិ បង្ហាញពីភាពលេចធ្លោនៃស្នាដៃកូនខ្មែរ ឱ្យដូចប្រទេសជឿនលឿនលើសកលលោក សុទ្ធតែជាអ្វីដែលសហគ្រិនខ្មែរប្រាថ្នាចង់បាន សូម្បីតែក្នុងវិស័យឧស្សាហកម្មភេសជ្ជៈ និងស្រាបៀរក៏ដោយ។ ជារឿងដែលគួរឱ្យមោទនភាពខ្លាំង គឺផលិតផលខ្មែរពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឈ្នះមេដាយមាសជាច្រើនគ្រឿងក្នុងឆ្នាំ ២០២៦ ក្រោយការវាយតម្លៃលើគុណភាពយ៉ាងម៉ត់ចត់លើផលិតផលនីមួយៗ ពីអ្នកជំនាញអន្តរជាតិនៅស្ថាប័នវាយតម្លៃគុណភាពពិភពលោក Monde Selection។
ជាការអបអរសាទរដល់សមិទ្ធផលថ្មីនៅពាក់កណ្តាលឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំបន្តវេនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺលោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ ព្រមទាំងបុគ្គលិកឆ្នើមដែលរួមចំណែកក្នុងស្នាដៃនេះសរុបចំនួន ២៧ រូប កំពុងធ្វើដំណើរទៅទទួលមេដាយមាសថ្មីពីស្ថាប័នអន្តរជាតិ Monde Selection ដែលនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង។
មិនខុសពីទស្សនវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនមេ ជីប ម៉ុង នោះទេ ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងរីកចម្រើនបានដូចពេលបច្ចុប្បន្ន ក្រោមស្នាដៃសហគ្រិនខ្មែរ នៅតែប្រកាន់យកឆន្ទៈមោះមុតក្នុងការពង្រីកមុខមាត់ផលិតផលខ្មែរលើឆាកអន្តរជាតិ បន្តសិក្សាស្វែងយល់ពីបច្ចេកវិទ្យាទំនើប បច្ចេកទេសថ្មី ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងប្រើប្រាស់ ដើម្បីយកការអភិវឌ្ឍទាំងនោះ មកបំពាក់នៅរោងចក្រនៅក្នុងស្រុក សាងទាំងស្នាដៃកូនខ្មែរឱ្យកាន់តែលេចធ្លោ និងទាញយកភាពជឿជាក់ពីប្រជាជនខ្មែរ ព្រមទាំងផ្គត់ផ្គង់តម្រូវការក្នុងស្រុក ជាមួយនឹងផលិតផលខ្មែរ ដែលសម្បូរបែប ពេញហូរហែនៅក្នុងទីផ្សារ។ អ្វីដែលសំខាន់ គឺការចូលរួមបណ្តុះធនធានខ្មែរជំនាន់ក្រោយ ឱ្យស្គាល់និងបានយល់ដឹងពីការបត់បែនទំនើបថ្មី ទាក់ទងនឹងគ្រឿងចក្រ ឬប្រព័ន្ធគ្រប់គ្រងផ្សេងៗ ជាច្រើនឆ្នាំកន្លងមក រហូតគ្រប់ការទទួលស្គាល់លើឆាកអន្តរជាតិ សុទ្ធតែជាចំណែកដែលកើតចេញពីស្នាដៃកូនខ្មែរនៅក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស៕
*ផលិតផលខ្មែរ ស្តង់ដាអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក!








