Apple បញ្ចេញក្បាច់ពិសេស «សង្គ្រោះ Siri» ឱ្យឆ្លាតជាងមុន ក្រោយពន្យារពេល ២ឆ្នាំ!

08-06-2026 11:17

(បរទេស)៖ នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន Apple បានរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍សកល (WWDC 2026) នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដោយចំណុចទាក់ទាញបំផុតដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ គឺការប្រកាសធ្វើបច្ចុប្បន្នភាពទ្រង់ទ្រាយធំទៅលើជំនួយការសំឡេង Siri ដែលជាគម្រោងបច្ចេកវិទ្យា AI មួយដែល Apple ធ្លាប់បានសន្យាកាលពី ២ឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារពេលជាបន្តបន្ទាប់។

ជំនួយការសំឡេង Siri ត្រូវបានដាក់ឱ្យដំណើរការដំបូងតាំងពីឆ្នាំ ២០១១ ហើយបច្ចុប្បន្នមានវត្តមាននៅលើឧបករណ៍របស់ Apple ជិត ២.៥ ពាន់លានគ្រឿងនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកប្រើប្រាស់រាប់រយលាននាក់បានងាកទៅរកកម្មវិធីជជែកឆ្លាតវៃ (AI Chatbots) របស់ក្រុមហ៊ុនគូប្រជែងដូចជា OpenAI និង Anthropic វិញ។ ដោយឡែក នៅក្នុងប្រទេសចិន និងតំបន់ផ្សេងទៀត អ្នកប្រើប្រាស់បានចាប់ផ្តើមប្រើប្រាស់ «ភ្នាក់ងារ AI» ឬ (AI Agents) ដែលអាចបំពេញភារកិច្ចស្មុគស្មាញជំនួស មនុស្ស ដូចជាការរៀបចំកាលវិភាគប្រចាំថ្ងៃ និងកិច្ចការដដែលៗផ្សេងទៀត។

ក្រុមអ្នកវិភាគបានលើកឡើងថា Apple កំពុងក្តោបក្តាប់ «អណ្តូងរ៉ែមាស AI» ដ៏ធំមួយ ដែលនោះគឺជាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅលើ iPhone នីមួយៗ ដូចជា អ៊ីមែល, សារជំនួញ, កាលវិភាគ និងព័ត៌មានជាច្រើនទៀតដែលរាយប៉ាយនៅក្នុងប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីនានា។ ទិន្នន័យទាំងនេះអាចជួយឱ្យ Siri ផ្តល់ចម្លើយមានប្រយោជន៍ និងអាចជួយបំពេញការងារបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ទោះជាយ៉ាងណា បញ្ហាប្រឈមធំបំផុតរបស់ Apple គឺទិន្នន័យទាំងនោះត្រូវបានចាក់សោរយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងប្រព័ន្ធប្រតិបត្តិការ ដើម្បីការពារឯកជនភាព និងសុវត្ថិភាព (Privacy and Security)។ កម្មវិធីភាគីទីបីមិនអាចអានទិន្នន័យពីគ្នាទៅវិញទៅមកបានទេ ហើយសូម្បីតែក្រុមហ៊ុន Apple ផ្ទាល់ក៏មិនអាចចូលប្រើប្រាស់ទិន្នន័យភាគច្រើនបានដែរ ប្រសិនបើគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់។

ការយឺតយ៉ាវក្នុងការអភិវឌ្ឍន៍មុខងារ AI នេះ បានធ្វើឱ្យ Apple រងការប្តឹងផ្តល់ជាក្រុមពីសំណាក់អ្នកប្រើប្រាស់ (Class Action Lawsuit) រហូតឈានដល់ការព្រមព្រៀងគ្នាកាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ក្នុងការបង់ប្រាក់សងជំងឺចិត្តចំនួន ២៥០លានដុល្លារអាមេរិក ជុំវិញការផ្សាយពាណិជ្ជកម្មលើសពីការពិតអំពីមុខងារ Siri AI នៅលើទូរស័ព្ទ iPhone 15 និង iPhone 16 ដែលមិនទាន់អាចដំណើរការបានភ្លាមៗនៅពេលចេញលក់។ ដើម្បីដោះស្រាយបញ្ហានេះ Apple បានបង្កើតនូវយុទ្ធសាស្ត្ររក្សាឯកជនភាពថ្មីមួយហៅថា «Apple Intelligence» ដែលដំណើរការទិន្នន័យជាបីកម្រិត៖ ១. ដំណើរការដោយផ្ទាល់នៅលើទូរស័ព្ទ (On-device) ២. ដំណើរការលើប្រព័ន្ធពពកឯកជនរបស់ Apple (Private Cloud Compute) ៣. បញ្ជូនទៅកាន់ប្រព័ន្ធពពករបស់ភាគីទីបី (ដូចជាម៉ូដែល Gemini របស់ Google) ដែលរត់លើបន្ទះឈីប Nvidia Blackwell ប្រកបដោយសុវត្ថិភាពខ្ពស់។

គួរចម្រាបថា ព្រឹត្តិការណ៍ WWDC ឆ្នាំនេះ ត្រូវបានគេមើលឃើញថាជា «ចំណុចរបត់ដ៏សំខាន់» សម្រាប់ Apple ក្នុងការបង្ហាញថា តើខ្លួនអាចប្រែក្លាយ Siri ឱ្យទៅជាជំនួយការទូរស័ព្ទដ៏ឆ្លាតវៃបំផុត ដោយមិនប៉ះពាល់ដល់គោលការណ៍រក្សាការសម្ងាត់ និងឯកជនភាពរបស់អ្នកប្រើប្រាស់បានដែរឬទេ៕