វឌ្ឍនភាព ២០ឆ្នាំ៖ «បូទីកា» ប្តេជ្ញាពង្រឹងផលិតកម្មឱ្យកាន់តែខ្លាំងក្លា និងត្រៀមបង្កើតការងារបន្ថែមជាង ១ម៉ឺនកន្លែង តាមរយៈគម្រោងសួនឧស្សាហកម្មថ្មី
08-06-2026 13:01
(ភ្នំពេញ)៖ ក្រុមហ៊ុន បូទីកា (BOTICA) ដែលជាម៉ាកយីហោខ្មែរឈានមុខគេក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ បានរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃការរីកចម្រើន របស់ខ្លួន កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ចាប់ផ្តើមបោះជំហានដំបូងក្នុងឆ្នាំ ២០០៦ បច្ចុប្បន្នផលិតផលការពារជម្រាបទឹក ថ្នាំលាប និងម្នាងសិលារបស់ «បូទីកា» បានក្លាយជាចំណែកមួយនៃអត្តសញ្ញាណជាតិ តាមរយៈការផ្គត់ផ្គង់ ដល់គម្រោងស្ថាបត្យកម្មធំៗជាច្រើន ដូចជា៖ អាកាសយានដ្ឋាន អន្តរជាតិតេជោ, ព្រះបរមរាជវាំង, រដ្ឋសភាជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យកាលម៉ែត, សាលារៀនអន្តរជាតិ CIA បុរីធំៗ ភូមិគ្រឹះ និងគម្រោង ជាច្រើនទៀត។
ថ្លែងនៅក្នុងពិធីអបអរសាទរដំណើរការវិវឌ្ឍ ២០ឆ្នាំបស់ក្រុមហ៊ុនបូទីកា ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា បានថ្លែងថា ទោះបីជាត្រូវហែលឆ្លងឧបសគ្គ និងព្យុះភ្លៀងជាច្រើនក្នុងរយៈពេល ២ទសវត្សរ៍នេះក្តី ក៏ក្រុមហ៊ុននៅតែអាចឈរជើង យ៉ាងរឹងមាំ ដោយសារតែកត្តាគន្លឹះចំនួន ៣ រួមមាន៖
១៖ ធនធានមនុស្ស៖ បុគ្គលិករបស់ បូទីកា ជាធនធានដែលមានសមត្ថភាព និងឆ្លងកាត់ការបណ្តុះបណ្តាលច្បាស់លាស់។
២៖ បច្ចេកវិទ្យាទំនើបចុងក្រោយ៖ បូទីកា តែងតែវិនិយោគនាំចូលនូវបច្ចេកវិទ្យា ផលិតកម្មស្តង់ដាអន្តរជាតិ ពិសេសពីប្រទេសអូស្ត្រាលី អ៊ីតាលី អាល្លឺម៉ង់ ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើឱ្យផលិតផល អាចធានាបាននូវគុណភាពខ្ពស់ឆ្លើយតប ទៅនឹងតម្រូវការប្រើប្រាស់។
៣៖ ធនធានហិរញ្ញវត្ថុរឹងមាំ៖ ការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ និងចំគោលដៅ ក្នុងរយៈពេល ២ទសវត្សរ៍មកនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន ពង្រីកការផលិតជាបន្ដបន្ទាប់ និងកំពុងត្រៀមខ្លួនឆ្ពោះទៅ រកការផលិតដើម្បីនាំចេញ នាពេលអនាគតផងដែរ។
ក្រៅពីការផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ បូទីកា ក៏បានបោះជំហានដ៏ធំមួយទៀត នៅឆ្នាំ ២០១៧ ក្លាយជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ឡុងនី ដែលជាគម្រោងលំនៅដ្ឋាន ដែលត្រូវបានសាងសង់ឡើងដោយមានការគិតគូរខ្ពស់លើគុណភាព សោភណ្ឌភាព និងផាសុកភាពសម្រាប់អ្នករស់នៅ។
អ្វីដែលជាមោទនភាព និងជាជំហានបន្ទាប់ «បូទីកា» កំពុងអភិវឌ្ឍន៍សួនឧស្សាហកម្ម Botica Industrial Park លើផ្ទៃដីជិត ២០ហិកតា នៅតំបន់ផ្លូវជាតិលេខ៣ ដែលរំពឹងថា នឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋរហូតដល់ទៅជាង ១ម៉ឺននាក់។ បើតាមការគូសបញ្ជាក់ ឧកញ៉ា កែវ បូណ៌ភិរក្ស បច្ចុប្បន្នគម្រោងនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគទាំងនៅក្នុងស្រុក និងអន្តរជាតិ។
ថ្លែងក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានយុទ្ធសាស្ត្រច្នៃប្រឌិតខ្ពស់ អាចប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ក្នុងពេលដែលពិភពលោកជួបវិបត្តិធំៗ ដូចជា វិបត្តិសេដ្ឋកិច្ច, កូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ទាំងនេះបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រ ដឹកនាំដ៏មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង។
សម្តេចក៏បានគូសរំលេចថា ការរីកចម្រើនរបស់ បូទីកា គឺបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ការចូលរួមចំណែកនេះ មិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានចីរភាព និងបរិយាបន្ន តាមរយៈ ការពង្រីកសមត្ថភាពនៃធុរកិច្ច។
គួររំឭកផងដែរថា មុនពេលឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ «បូទីកា» ត្រូវបានបង្កើតឡើងដោយ ឧកញ៉ា កែវ បូណ៌ភិរក្ស និងភរិយា ក្នុងឆ្នាំ២០០៤ តាមរយៈការនាំចូលផលិតផលបច្ចេកទេស BOSTIK (យីហោអាម៉េរិកដែលមានអាយុកាលជាង១៣៧ឆ្នាំ)។ Bostik យីហោអាមេរិកក្រោយមក លក់ទៅអោយអូស្ត្រាលី និងមានប្រភពពីក្រុមហ៊ុន Total អន្តរជាតិ។
ក្រោយមកនៅឆ្នាំ២០០៥ ក្រុមហ៊ុន បូទីកា បានបង្កើតរោងចក្រផ្ទាល់ខ្លួននៅផ្លូវទ្រុងមាន់ និងបានប្រកាសបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៦ ដោយបានអភិវឌ្ឍខ្លួន ឥតឈប់ឈរ រហូតក្លាយជាមោទនភាពជាតិដែលទទួល ស្គាល់ដោយស្តង់ដាអន្តរជាតិមកទល់បច្ចុប្បន្ន៕

























