កម្ពុជា ទទួលបានអាជ្ញាបណ្ណក្លិបពី AFC បន្ថែម ១ក្លិបទៀត ក្រោយការព្យាយាមសម្របសម្រួលពី CPL

08-06-2026 13:16

(ភ្នំពេញ)៖ កម្ពុជាបានកើនក្លិបទទួលបានអាជ្ញាបណ្ណ AFC Club License សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ចំនួន ៥ក្លិប ក្រោយការផ្ដល់បន្ថែម ១ក្លិបទៀត ក្រោយបំពេញនូវលក្ខខណ្ឌពេញលេញ តាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បន្ទាប់ពីការព្យាយាមសម្របសម្រួលរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL)។

យោងតាមការជូនដំណឹងផ្លូវការរបស់ CPL នៅថ្ងៃទី០៨ ខែមិថុនានេះ ៥ក្លិប ដែលត្រូវបាផ្ដល់អាជ្ញាបណ្ណក្លិប AFC រួមមានក្លិបវិសាខា, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត និងអង្គរថាយហ្គឺរ។ ប៉ុន្ដែកាលពីចុងខែមេសា CPL ធ្លាប់បានជូនដំណឹងថា AFC បានផ្ដល់អាជ្ញាបណ្ណនេះដល់ក្លិបចំនួន ៤ប៉ុណ្ណោះ ពោលគឺពុំមានក្លិបអង្គរថាយហ្គឺរនោះទេ។

ជុំវិញការជូនដំណឹងជាថ្មីពីការផ្ដល់អាជ្ញាបណ្ណក្លិបនេះដែរ CPL បានបញ្ជាក់ថា ដោយសារតែក្លិបនៅខ្វះលក្ខខណ្ឌ Sporting Criteria ចំនួន២ AFC បានអនុញ្ញាតឲ្យការិយាល័យ អាជ្ញាបណ្ណក្លិបបើកប្រព័ន្ធ AFC CLAS ឡើងវិញ ដើម្បីឲ្យក្លិបទាំងនោះអាចបំពេញលក្ខខណ្ឌដែលនៅសេសសល់បានពេញលេញ។ ដំណើរការបើកឡើងវិញនេះត្រូវបានអនុវត្តដោយមានតម្លាភាព ដើម្បីធានាថាក្លិបទាំងអស់ទទួលបានឱកាសស្មើគ្នាក្នុងការបំពេញលក្ខខណ្ឌដែលខ្វះ និងអាចបំពេញតាមបទប្បញ្ញត្តិបានត្រឹមត្រូវ ដើម្បីទទួលបានអាជ្ញាបណ្ណក្លិប AFC»។

បន្ថែមពីនេះ CPL ក៏បានរៀបចំកម្មវិធី CPL Cares U10 និងសិក្ខាសាលា Anti-Doping ដើម្បីគាំទ្រក្លិបក្នុងការបំពេញលក្ខខណ្ឌ S.02 Youth Teams, S.04 Educational Programmes ក៏ដូចជាលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗទៀត ស្របតាមបទប្បញ្ញត្តិ AFC Club Licensing Regulations។ បន្ទាប់ពីការសម្រេចរបស់គណៈកម្មាធិការ (FIB) នៅថ្ងៃនេះ មានក្លិបចំនួន៥ ដែលត្រូវបានផ្តល់ AFC Club License ជាផ្លូវការរួមមាន៖ ១. វិសាខា ២. ព្រះខ័នរាជស្វាយរៀង ៣. ភ្នំពេញក្រោន, ៤. បឹងកេត និង ៥. អង្គរថាយហ្គឺរ។

គួរដឹងថា ការផ្ដល់អាជ្ញាបណ្ណក្លិប AFC ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ ហើយក្លិបដែលទទួលបានអាជ្ញាបណ្ណក្លិបនេះ ទើបទទួលបានសិទ្ធិចូលរួមការប្រកួតពានរង្វាន់អន្ដរជាតិ ទៅតាមកូតាកំណត់ប្រចាំរដូវកាល ជាក់ស្ដែងឆ្នាំ២០២៦/២៧ AFC បានកំណត់កូតាក្លិបតំណាងកម្ពុជា ដែលចូលរួមប្រកួតពានរង្វាន់ AFC Champions League Two ឆ្នាំ២០២៦/២៧ មានតែ ២ក្លិបប៉ុណ្ណោះ ក្នុងនោះមានក្លិបត្រូវលេងវគ្គចែកពូល ឬ Group Stage ចំនួន ១ក្លិប និងក្រុមត្រូវលេងវគ្គជម្រុះ ឬវគ្គ Play-off ចំនួន ១ក្លិប។

ទន្ទឹមនឹងនោះ សហព័ន្ធកីបាល់ទាត់កម្ពុជា ក៏បានកំណត់គោលការណ៍ក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះផងដែរ ដោយត្រូវអនុវត្តទៅតាមលំដាប់លំដោយក្នុងសេចក្តីជូនដំណឹងលេខ ០៣៤/២៦ ស.ប.ក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ របស់សហព័ន្ធ ពោលគឺផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអាជ្ញាបណ្ណក្លិបអន្តរជាតិ AFC Club Licensing ពេញលេញតាមលំដាប់លំដោយដូចជា៖

១. ក្លិបដែលទទួលបានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦
២. ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦
៣. ក្លិបដែលទទួលបានជើងឯកពាននរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦
៤/. ក្លិបដែលទទួលបានចំណាត់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។

ជាលទ្ធផលការប្រកួតប្រជែងព្រឹត្តិការណ៍បាល់ទាត់ធំៗក្នុងស្រុកទាំងពីរ គឺព្រះខ័នរាជស្វាយរៀង សុទ្ធតែបានគ្រងជើងឯក ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខណៈភ្នំពេញក្រោន បានទទួលជើងឯករងលីគកំពូលកម្ពុជា។ ដូច្នេះក្លិបទាំងពីរ នឹងត្រូវដឹកដៃគ្នាទៅលេងពាន AFC Champions League Two 2026/27 ដ្បិតក្លិបទាំងពីរ សុទ្ធតែទទួលបានអាជ្ញាបណ្ណក្លិបអន្ដរជាតិដូចគ្នា៕