Nvidia សហការជាមួយក្រុមហ៊ុនយក្សកូរ៉េខាងត្បូង សាងសង់ប្រព័ន្ធ AI Cloud ដ៏ធំសម្បើមមិនធ្លាប់មាន
08-06-2026 14:35
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia បានប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ ជាមួយក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង រួមមាន SK Hynix និង Naver ក្នុងគោលបំណងក្តោបក្តាប់ការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំ (Memory Chips) ជំនាន់ថ្មី ដើម្បីជម្រុញមហិច្ឆតាពង្រីកវិសាលភាព AI របស់ខ្លួន។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang នៅប្រទេសកូរ៉េខាងត្បូង ដោយលោកបានជួបពិភាក្សាការងារយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំធុរកិច្ចកំពូលៗរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។
ចំណុចលេចធ្លោបំផុតនៃកិច្ចព្រមព្រៀងនេះ គឺភាពជាដៃគូរយៈពេលវែងជាមួយក្រុមហ៊ុនផលិតបន្ទះឈីប SK Hynix ដើម្បីរួមគ្នាអភិវឌ្ឍអង្គចងចាំកម្រិតខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលទិន្នន័យ AI សកលលោក ចំពេលដែលទីផ្សារកំពុងជួបវិបត្តិខ្វះខាតការផ្គត់ផ្គង់យ៉ាងខ្លាំង។ ជុំវិញទំនាក់ទំនងដ៏រឹងមាំនេះ លោក Jensen Huang បានសង្កត់ធ្ងន់ដោយក្តីជឿជាក់ថា៖ «SK Hynix គឺជាដៃគូផ្នែកអង្គចងចាំដ៏ធំបំផុតរបស់ Nvidia។ ហើយ SK Hynix នឹងបន្តធ្វើជាដៃគូផ្នែកអង្គចងចាំដ៏ធំបំផុតរបស់ Nvidia តទៅទៀត»។ លោកបានបន្ថែមថា ទំហំនៃការបញ្ជាទិញដែលមានតម្លៃរាប់ពាន់លានដុល្លារស្រាប់ក្នុងមួយឆ្នាំៗ នឹងបន្តកើនឡើងយ៉ាងខ្លាំងបន្ថែមទៀត។
ទន្ទឹមនឹងការធានាប្រភពបន្ទះឈីប ក្រុមហ៊ុនក្នុងស្រុករបស់កូរ៉េខាងត្បូងក៏ទទួលបានផលប្រយោជន៍ដ៏មហាសាលវិញផងដែរ តាមរយៈការបញ្ជាទិញ និងប្រើប្រាស់បច្ចេកវិទ្យាកំពូលៗរបស់ Nvidia។ ជាក់ស្តែង ក្រុមហ៊ុនទូរគមនាគមន៍ SK Telecom បានប្រកាសផែនការមហិច្ឆតាក្នុងការសាងសង់ប្រព័ន្ធ AI Cloud កម្រិតជីហ្គាវ៉ាត់ដ៏ធំមួយដោយផ្អែកលើបច្ចេកវិទ្យារបស់ Nvidia ដែលរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៧ ខណៈដែលក្រុមហ៊ុនអ៊ីនធឺណិតយក្ស Naver និង Doosan នឹងប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI ផ្ទាល់ខ្លួនដែរ។
គួរជម្រាបផងដែរថា សម្ព័ន្ធក្រុមហ៊ុន Doosan Group ដែលជាអ្នកផលិតសមាសភាគសំខាន់ៗសម្រាប់បន្ទះឈីប «Blackwell» ដ៏មានឥទ្ធិពលបំផុតរបស់ Nvidia ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចូលប្រព័ន្ធដំណោះស្រាយថាមពលរបស់ខ្លួនទៅក្នុងប្រព័ន្ធទិន្នន័យរបស់ Nvidia។ ជាងនេះទៅទៀត Doosan ក៏មានគម្រោងយកបច្ចេកវិទ្យា AI រូបវន្ត (Physical AI) របស់ក្រុមហ៊ុនអាមេរិកមួយនេះ មកអភិវឌ្ឍវិស័យរ៉ូបូតរបស់ខ្លួនវិញផងដែរ។ កិច្ចសហការសង្វាក់ផលិតកម្មទៅវិញទៅមកដោយមិនអាចខ្វះគ្នានោះបានឡើយនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល រុញច្រានបច្ចេកវិទ្យា AI ឱ្យកាន់តែបោះជំហានទៅមុខលឿនជាងមុនមួយកម្រិតទៀត៕












