មេធំ Bluesky ព្រមានថា ច្បាប់ហាមយុវវ័យលេងបណ្តាញសង្គម កំពុងជួយពង្រឹងអំណាចផ្តាច់មុខរបស់ Big Tech
08-06-2026 15:51
(បរទេស)៖ ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការហាមឃាត់យុវវ័យមិនឱ្យប្រើប្រាស់បណ្តាញសង្គម អាចនឹងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) កាន់តែពង្រឹងឥទ្ធិពលផ្តាច់មុខក្នុងវិស័យនេះ និងបិទផ្លូវក្រុមហ៊ុនតូចៗ។ នេះជាការព្រមានពីកញ្ញា Rose Wang នាយកប្រតិបត្តិផ្នែកប្រតិបត្តិការនៃ Bluesky (បណ្តាញសង្គមខ្នាតតូចប្រភេទកូដចំហ ដែលធ្លាប់ជាផ្នែកមួយរបស់ Twitter)។ កញ្ញាបានបញ្ជាក់ថា ក្រុមហ៊ុនតូចៗមិនប្រឆាំងនឹងការបង្កើតច្បាប់នោះទេ ប៉ុន្តែច្បាប់ទាំងនោះគួរតែគិតគូរដល់ការការពារអាជីវកម្មខ្នាតតូច និងមធ្យមផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។
នៅក្នុងឱកាសនោះ កញ្ញា Wang បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់រយៈពេលវែងនៃច្បាប់នេះថា៖ «ខ្ញុំគាំទ្រការការពារ និងសុវត្ថិភាពរបស់យុវជន ប៉ុន្តែសំណួរដែលយើងមានគឺ តើត្រូវលះបង់ក្នុងតម្លៃណា? ព្រោះអ្វីដែលខ្ញុំខ្លាចនោះគឺ នៅថ្ងៃអនាគត យើងនឹងធ្វើដំណើរទៅរកពិភពលោកមួយដែលមានបណ្តាញសង្គមតែ ៣ ទៅ ៥ ប៉ុណ្នោះ ហើយមានការរឹតបន្តឹងច្បាប់យ៉ាងខ្លាំងលើផ្លេតហ្វមទាំងនោះ។ នៅពេលនោះ ក្រុមការងារទទួលបន្ទុកអនុលោមភាពតាមច្បាប់ (Compliance Teams) របស់ក្រុមហ៊ុនទាំងនោះ នឹងមានទំហំធំជាងក្រុមការងារទាំងមូលរបស់យើងដល់ទៅ ១០ ដងឯណោះ»។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យក្រុមហ៊ុនថ្មីៗ ឬអាជីវកម្មខ្នាតតូច ស្ទើរតែគ្មានឱកាសឈានជើងចូលមកប្រកួតប្រជែង ដើម្បីបង្កើត «លំហបណ្តាញសង្គមដែលមានសុខភាពល្អជាងមុន» បានឡើយ។
ការចេញមុខព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុវត្តច្បាប់ហាមឃាត់យុវវ័យអាយុក្រោម ១៦ ឆ្នាំមិនឱ្យលេងបណ្តាញសង្គម កាលពីខែធ្នូកន្លងទៅ។ ច្បាប់នេះបានបង្ខំឱ្យផ្លេតហ្វមយក្សដូចជា Instagram, TikTok, YouTube, X (Twitter) និង Reddit ត្រូវតែផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ជាដាច់ខាត បើមិនចង់ប្រឈមនឹងការផាកពិន័យជាទឹកប្រាក់មហាសាលរហូតដល់ ៣៥ លានដុល្លារ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានតវ៉ាថា វិធានការនេះមិនអាចទប់ស្កាត់មាតិកាគ្រោះថ្នាក់បានទាំងស្រុងឡើយ ហើយថែមទាំងកាត់ផ្តាច់យុវវ័យពីមិត្តភក្តិ និងសហគមន៍ទៀតផង។ ដោយឡែក សម្រាប់ Bluesky ខ្លួនឯង ដែលមានបុគ្គលិកត្រឹមតែ ៤០ នាក់ និងមានអ្នកប្រើប្រាស់ ៤៣ លាននាក់ ក៏បានដាក់បញ្ចូលប្រព័ន្ធត្រួតពិនិត្យអាយុនេះ ដើម្បីអនុលោមតាមច្បាប់រួចរាល់ហើយដែរ។
ទោះជាយ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន Bluesky រូបនេះមិនបានប្រឆាំងនឹងការបង្កើតច្បាប់នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ឱ្យអ្នកតាក់តែងច្បាប់ស្វែងរកចំណុចតុល្យភាពមួយ៖ «ខ្ញុំគ្រាន់តែចង់បញ្ចប់នៅទីនេះដោយមិននិយាយថា ការបង្កើតច្បាប់ទម្លាប់ជារឿងមិនល្អនោះទេ ប៉ុន្តែគឺច្បាប់ទម្លាប់ចាំបាច់ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការបង្កើតថ្មី (Innovation)។ ខ្ញុំគិតថា... ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដែលយើងដឹងថា កំពុងព្យាយាមគេចវេះពីច្បាប់ គឺត្រូវតែមានការរឹតបន្តឹង» ខណៈពេលដែលរដ្ឋាភិបាលគួរតែបើកបណ្តាញទំនាក់ទំនងឱ្យបានច្រើនជាមួយក្រុមហ៊ុនតូចៗ ដើម្បីការពារ និងផ្តល់ឱកាសដល់ពួកគេក្នុងការរីកលូតលាស់៕

















