ផ្លូវការ! លោក Jose នឹងក្លាយជាគ្រូបង្វឹកពេញសិទ្ធិរបស់ Real ក្រោយប្រធានក្លិបលោក Perez បន្តជាប់ឆ្នោត
08-06-2026 15:59
(ម៉ាឌ្រីដ)៖ លោក Jose Mourinho នឹងត្រូវប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Real Madrid ជាលើកទី២ ក្រោយលោក Florentino Perez បន្តជាប់ឆ្នោតជាប្រធានក្លិបដល់ឆ្នាំ២០៣០។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៦៣ឆ្នាំខាងលើនេះ បានឈ្នះពានចុងក្រោយកាលឆ្នាំ២០២២ ជាមួយក្លិប AS Roma របស់អ៉ីតាលី គឺពានលំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League ត្រូវបានផ្តល់កិច្ចសន្យា ៣ឆ្នាំដែលបាន ស៊ីញ៉េកាលពីខែមុន ដោយបានភ្ជាប់នឹងលក្ខខណ្ឌលោក Perez បន្តជាប់ឆ្នោតជាប្រធានដដែលទៀតផង។
នៅក្នុងការបោះឆ្នោតនោះដែរ លោក Perez វ័យ ៧៩ឆ្នាំ បានទទួលសំឡេងឆ្នោត ៦៥% បន្តកាន់កាប់តួនាទីប្រធាន ក្លិបអធិរាជស Real Madrid ដល់ឆ្នាំ២០៣០ ក្រោយឈ្នះការបោះឆ្នោតដំបូងក្នុងឆ្នាំ២០០៩ មក។
នៅចាំបានថា លោក Jose ក៏ត្រូវបានតែងតាំងដោយលោក Perez ផងដែរកាលឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ ជាមួយនឹងការឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup នៃរយៈពេលត្រឹមតែ ៣រដូវកាលនៅកីឡដ្ឋាន Santiago Bernabeu ដែលកន្លងផុតទៅអស់ ១៣ឆ្នាំមកហើយ។
ជាការកត់សម្គាល់ផងដែរ Real បានបញ្ចប់រដូវកាលឆ្នាំ២០២៥-២៦ ដោយពុំមានឈ្នះពានណាមួយឡើយ និងបានរបូតពានលីគអេស្ប៉ាញ La Liga ទៅក្រុម FC Barcelona គិតចាប់តាំងពីពួកគេបានរងបរាជ័យ ២-០ នៃជំនួប El Clasico ទៀតផង៕





