គោព្រៃកម្ពុជា អាចបំបែកកំណត់ត្រាជិត ៧០ឆ្នាំបានទេ ប៉ះហុងកុងយប់នេះ?
09-06-2026 08:13
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសកោះហុងកុងជាថ្មី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៧យប់ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ នេះគឺជាលើកទី១២ ដែលក្រុមទាំង២ ត្រូវជួបគ្នា បើគិតចាប់ពីឆ្នាំ១៩៥៧ ដល់បច្ចុប្បន្ន ខណៈជួបគ្នា ១១លើក ទាំងក្នុងពានរង្វាន់អន្ដរជាតិ និងមិត្តភាពកន្លងមកកម្ពុជា ពុំធ្លាប់ទទួលបានជ័យជម្នះឡើយ ដោយបានត្រឹមស្មើគ្នា ៣លើកប៉ុណ្ណោះ។ ដូច្នេះចាំមើលតើរាត្រីនេះ ក្រុមគោព្រៃកម្ពុជា អាចបំបែកកំណត់ត្រាមិនស្គាល់ឈ្នះហុងកុងជិត ៧០ឆ្នាំនេះបានដែលឬទេ?
សម្រាប់ប្រវត្តិជួបគ្នា រវាងកម្ពុជា និងហុងកុង ចំនួន ១១លើកកន្លងមក រួមមាន៖
· ពានរង្វាន់ Merdeka ឆ្នាំ១៩៥៧៖ ហុងកុង ៦-២ កម្ពុជា
· ពានរង្វាន់ AFC Asian Cup ឆ្នាំ១៩៩៩៖ ជើងទី១ ហុងកុង ៤-១ កម្ពុជា និងជើងទី២ កម្ពុជា ០-២ ហុងកុង
· ប្រកួតមិត្តភាព ឆ្នាំ២០១៦៖ ប្រកួតទី១ ហុងកុង ៤-២ កម្ពុជា និងប្រកួតទី២ កម្ពុជា ០-២ ហុងកុង
· វគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៩៖ ជើងទី១ កម្ពុជា ១-១ ហុងកុង និងជើងទី២ ហុងកុង ២-០ កម្ពុជា
· វគ្គជម្រុះ AFC Asian Cup ឆ្នាំ២០២២៖ កម្ពុជា ០-៣ ហុងកុង
· ប្រកួតមិត្តភាព ឆ្នាំ២០២៣៖ កម្ពុជា ១-១ ហុងកុង
· ប្រកួតមិត្តភាព ឆ្នាំ២០២៤៖ ហុងកុង ៣-០ កម្ពុជា
· ប្រកួតមិត្តភាព ឆ្នាំ២០២៥៖ ហុងកុង ១-១ កម្ពុជា។
ទន្ទឹមជាមួយការណាត់គ្នាប្រកួតមិត្តភាពអន្ដរជាតិលើកនេះដែរ លោក Roberto Losada គ្រូបង្វឹកក្រុមហុងកុង បានសម្ដែងក្ដីរីករាយ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា និងជួបប្រកួតជាមួយក្រុមគោព្រៃ នារាត្រីនេះ។ លោកបានចាត់ទុកនេះ គឺជាការប្រកួតដ៏សំខាន់មួយ ដើម្បីដកពិសោធន៍កូនក្រុម ដែលទើបមានការរៀបចំថ្មី ជំនួសដោយកីឡាករវ័យក្មេងមួយចំនួន ក្រោយកីឡាករមានបទពិសោធន៍ខ្លះ មានវ័យជ្រេ និងខ្លះបានចូលនិវត្ដន៍ ពិសេសកីឡាករចូលសញ្ជាតិ។
លោកថា «ក្រុមរបស់យើង កំពុងស្ថិតក្នុងបរិបទមួយ ដែលព្យាយាមរៀបចំក្រុមឡើងវិញ។ អ៊ីចឹងការប្រកួតជាមួយកម្ពុជានេះ គឺជាការប្រកួតមួយ ដើម្បីយកមកដកពិសោធន៍ទាក់ទងជាមួយកីឡាករថ្មី តាក់ទិចថ្មី ប៉ុន្ដែទោះបីជាការប្រកួតដើម្បីដកពិសោធន៍ ជាមួយអ្វីដែលថ្មីៗ ប៉ុន្ដែលទ្ធផល នៅតែជារឿងមួយសំខាន់សម្រាប់ពួកយើង ព្រោះវាជាការប្រកួតអន្ដរជាតិ។ តែយ៉ាងណាគោលដៅធំមួយនៃការប្រកួតនេះ គឺដើម្បីពង្រឹងក្រុមរបស់ពួកយើង»។
ចំណែកគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Koji Gyotoku វិញ នៅតែចាត់ទុកហុងកុង គឺជាក្រុមល្អមួយ ដែលមានគុណភាពកីឡាករ ទាំងបច្ចេកទេស និងកាយសម្បទា។ ទោះបីហុងកុង មានកីឡាករវ័យក្មេងច្រើនក្ដី តែជំនួបមិត្តភាពនេះ នៅតែមិនងាយស្រួល ពោលគឺគ្មានការប្រកួតណាមួយងាយស្រួលសម្រាប់គោព្រៃឡើយ។ ដូច្នេះអ្វីដែលក្រុមធ្វើបានល្អ ពេលជួបប៊ូតង់ថ្មី នឹងត្រូវបន្ដ គ្រាដែលចំណុចខ្វះខាត នឹងត្រូវកែតម្រូវបន្ថែម និងធ្វើឲ្យបានល្អ ពេលជួបហុងកុងយប់នេះ។
ជាមួយគ្នា កីឡាករ សារ៉េត គ្រីយ៉ា បានសម្ដែងក្ដីរីករាយ ដែលជំនួបមិត្តភាពជាមួយក្រុមជម្រើសជាតិប៊ូតង់ កាលពីថ្ងៃទី០៤ ខែមិថុនា មានអ្នកទស្សនារហូតដល់ ១១,០៥៣នាក់ ហើយលោកសង្ឃឹមថា ការជួបជាមួយហុងកុង ថ្ងៃនេះនឹងមានទទួលបានការចូលរួមទស្សនាកាន់តែច្រើនបន្ថែមទៀត ដ្បិតក្រុមត្រូវការអ្នកគាំទ្រខ្លាំងបំផុត ហើយពួកគេក៏បានប្ដេជ្ញានឹងធ្វើឲ្យបានល្អ ដើម្បីទទួលបានលទ្ធផលជូនជាតិ និងអ្នកគាំទ្រផងដែរ៕









