Nvidia ចាប់ដៃគូជាមួយ LG បង្កើតរ៉ូបូតវៃឆ្លាត និងមជ្ឈមណ្ឌលទិន្នន័យជំនាន់ថ្មី
09-06-2026 08:47
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានប្រកាសជាផ្លូវការអំពីកិច្ចសហការជាមួយសម្ព័ន្ធក្រុមហ៊ុន LG Group របស់កូរ៉េខាងត្បូង ដើម្បីរួមគ្នាអភិវឌ្ឍរ៉ូបូតដែលមានរូបរាងដូចមនុស្ស (Humanoid Robots) និងបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) សម្រាប់ទ្រទ្រង់បច្ចេកវិទ្យានាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជំនួបដ៏សំខាន់រវាងលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោក Koo Kwang-mo ប្រធានក្រុមហ៊ុន LG Group នៅក្នុងទីក្រុងសេអ៊ូល។ ក្នុងឱកាសនោះ លោក Jensen Huang បានបញ្ជាក់ប្រាប់អ្នកកាសែតថា៖ «យើងកំពុងធ្វើការជាមួយពួកគេលើបច្ចេកវិទ្យាម៉ូទ័រ ក៏ដូចជាប្រព័ន្ធមេកានិច ដើម្បីធ្វើយ៉ាងណាអាចរួមបញ្ចូលគ្នារវាងរ៉ូបូតដែលមានរូបរាងដូចមនុស្ស និងអនាគតនៃវិស័យរ៉ូបូត»។
ក្រៅពីវិស័យរ៉ូបូត កិច្ចសហការនេះក៏នឹងផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធបច្ចេកវិទ្យាខ្នាតធំផងដែរ ដោយលោកនាយកប្រតិបត្តិរូបនេះបានបន្ថែមថា៖ «យើងក៏កំពុងសហការជាមួយ LG ក្នុងការរចនាស្ថាបត្យកម្មសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនាពេលអនាគតផងដែរ»។ ការរួមគ្នារវាងស្តេចឈីប AI (Nvidia) និងអ្នកជំនាញគ្រឿងម៉ាស៊ីន (LG) នេះ ត្រូវបានគេរំពឹងថានឹងជម្រុញឱ្យបច្ចេកវិទ្យាទំនើបដើរលឿនជាងមុនមួយជំហានទៀត៕











