អាមេរិកលាតត្រដាងឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធំៗរួមមាន BYD, Baidu និង Alibaba ថា បានជួយជ្រោមជ្រែងដល់យោធាចិន

09-06-2026 09:57

(បរទេស)៖ នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានប្រកាសធ្វើបច្ចុប្បន្នភាពបញ្ជីខ្មៅរបស់ក្រសួងការពារជាតិ ដោយបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា និងឧស្សាហកម្មលំដាប់កំពូលៗរបស់ចិនជាច្រើនចូលទៅក្នុងបញ្ជី «ក្រុមហ៊ុនយោធាចិន» (1260H ឬ CMC List) ដែលចំណាត់ការនេះអាចនឹងធ្វើឱ្យកម្តៅនយោបាយរវាងប្រទេសទាំងពីរកើនឡើងវិញផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមហ៊ុនល្បីៗដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីខ្មៅរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច Alibaba, ក្រុមហ៊ុនស្វែងរកទិន្នន័យអ៊ីនធឺណិត Baidu និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស BYD។ អាមេរិកក៏បានបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបចងចាំកំពូលរបស់ចិនចំនួនពីរគឺ CXMT និង YMTC រួមទាំងក្រុមហ៊ុនផលិតរ៉ូបូតទម្រង់ដូចមនុស្ស (Humanoid) គឺ Unitree ដែលទើបតែប្រកាសសហការជាមួយក្រុមហ៊ុន Nvidia របស់អាមេរិកកាលពីដើមខែមិថុនា ដើម្បីផលិតរ៉ូបូតស្រាវជ្រាវ និងក្រុមហ៊ុនជីវបច្ចេកវិទ្យា WuXi AppTecផងដែរ។ ការចេញបញ្ជីខ្មៅនេះកើតឡើងត្រឹមតែមិនដល់មួយខែផង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ដើម្បីរក្សាកិច្ចព្រមព្រៀងឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្ម។ ក្រុមអ្នកវិភាគលើកឡើងថា ចំណាត់ការនេះបង្ហាញថា វ៉ាស៊ីនតោនលែងចាត់ទុកក្រុមហ៊ុនទាំងនេះជាករណីដាច់ដោយឡែកទៀតហើយ ប៉ុន្តែគឺចាត់ទុក «ប្រព័ន្ធបច្ចេកវិទ្យាចិនទាំងមូល» ជាគូប្រជែងយុទ្ធសាស្ត្រ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីររបស់ក្រុមហ៊ុនប្រេងរដ្ឋចិន CNOOC ត្រូវបានដកឈ្មោះចេញពីបញ្ជីវិញ ដោយសារតែពួកគេលែងមានប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ឬបានប្តូរឈ្មោះក្រុមហ៊ុន។

ទោះបីជាការដាក់បញ្ចូលក្នុងបញ្ជីនេះ មិនទាន់ជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្លូវការភ្លាមៗក៏ដោយ ប៉ុន្តែវាមានគំហើញផ្លូវច្បាប់តឹងរ៉ឹង៖
១៖ ចាប់ពីចុងខែមិថុនា ឆ្នាំ២០២៦ នេះទៅ៖ ក្រសួងការពារជាតិអាមេរិក ត្រូវបានហាមឃាត់មិនឱ្យចុះកិច្ចសន្យាផ្ទាល់ជាមួយក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីខ្មៅនេះឡើយ។
២៖ ចាប់ពីឆ្នាំ២០២៧ ទៅ៖ អាមេរិកនឹងហាមឃាត់មិនឱ្យមានការទិញផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនទាំងនេះ តាមរយៈភាគីទីបី (តំណាងចែកចាយ) ថែមទៀតផង។

យ៉ាងណាមិញ ជុំវិញដំណឹងនេះស្ថានទូតចិនប្រចាំនៅវ៉ាស៊ីនតោនបានចេញមុខប្រឆាំងដាច់ខាតចំពោះការបង្កើត «បញ្ជីរើសអើង» ដើម្បីធ្វើទុក្ខបុកម្នេញលើក្រុមហ៊ុនចិន និងទាមទារឱ្យអាមេរិកបញ្ឈប់សកម្មភាពខុសឆ្គងនេះភ្លាមៗ។ ក្រុមហ៊ុន WuXi AppTec បានប្រាប់ Reuters ថា ការដាក់ឈ្មោះពួកគេចូលក្នុងបញ្ជីនេះ គឺជារឿង «ខុសឆ្គងទាំងស្រុង» ហើយពួកគេនឹងចាត់វិធានការភ្លាមៗដើម្បីកែតម្រូវរឿងនេះ៕