កម្ពុជា ប៉ះអូស្ដ្រាលីយប់នេះ បើឈ្នះឡើងជួបឥណ្ឌូនេស៊ី, ស្មើជួបថៃ នៅវគ្គ ១/២ នៃពានយុវជន U19 អាស៊ាន ឆ្នាំ២០២៦

09-06-2026 12:00

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបប្រកួតកាត់សេចក្ដីជាមួយក្រុមជម្រើសជាតិ U19 អូស្ដ្រាលី នាវេលាម៉ោង ៨យប់ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះនៅកីឡដ្ឋាន Madya 1 Stadium ប្រទេសឥណ្ឌូនេស៊ី ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦។

ជាមួយការប្រកួតបញ្ចប់ពូល C នេះ ក្រុមគោព្រៃជំទង់កម្ពុជាត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុប្រចាំពូល A និង B ជាស្ថាពរ ដែលបានរកឃើញ ២ក្រុមបានកក់កៅអីវគ្គបន្ដ គឺមានក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលឈរកំពូលតារាងនៃពូល A និងក្រុមថៃឈរកំពូលតារាងពូល B។ រីឯ ២ក្រុមទៀត ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតរវាងក្រុម U19 កម្ពុជា និង U19 អូស្ដ្រាលីរាត្រីនេះ។

បច្ចុប្បន្នកម្ពុជាកំពុងឈរលេខ២ ក្នុងពូល C បណ្ដោះអាសន្ន តែមាន ៣ពិន្ទុស្មើក្រុមកំពូលតារាងអូស្ដ្រាលី ហើយកម្ពុជា ក៏កំពុងឈរលេខ២ ក្នុងតារាងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេផងដែរ ដោយចាញ់ប្រៀបផលសងគ្រាប់បាល់ក្រុម U19 វៀតណាម តែរកបាន ៣ពិន្ទុស្មើគ្នា។ ដូច្នេះការប្រកួតជាមួយអតីតក្រុមជើងឯក ៥សម័យអូស្ដ្រាលីយប់នេះ កម្ពុជាមិនអាចចាញ់បានឡើយ ដើម្បីបន្ដដំណើរទៅវគ្គ ៤ក្រុមចុងក្រោយ។

ជុំវិញការប្រកួតដ៏សំខាន់នារាត្រីនេះ ប្រសិនបើកម្ពុជាឈ្នះអូស្រ្ដាលី ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវឡើងទៅជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងនាមក្រុមកំពូលតារាងពូល C ខណៈបើស្មើ កម្ពុជានឹងត្រូវជួបក្រុម U19 ថៃ ក្នុងនាមក្រុមលេខ២ ល្អជាងគេ តែបើចាញ់ឱកាសមាសនេះ នឹងបានទៅក្រុមយុវជន U19 វៀតណាម។ រីឯក្រុម U19 អូស្ដ្រាលី នៅតែមានក្ដីសង្ឃឹមខ្ពស់ ទោះបីពួកគេភ្លាត់ចាញ់កម្ពុជា ក្រោមលទ្ធផល ៨គ្រាប់ ក៏នៅតែមានប្រៀបឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រដដែល។

បែបនេះក្ដី ការជួបអូស្ត្រាលីយប់នេះ គឺជារបាំងដ៏ធំមួយសម្រាប់យុវជន U19 កម្ពុជា ដ្បិតអូស្ត្រាលីមានកម្រិតលេង និងប្រវត្តិប្រកួតខ្លាំងជាង។ ប្រកួតក្នុងពូលកន្លងមក អូស្ដ្រាលីបានយកឈ្នះហ្វីលីពីន ១០-០ គ្រាដែលកម្ពុជាបានយកឈ្នះហ្វីលីពីន ៣-០។ យ៉ាងណាអ្នកគាំទ្រកម្ពុជានៅតែជឿជាក់ និងផ្ដល់ការលើកទឹកចិត្តពីចម្ងាយដល់ក្រុមកីឡាករ U19 កម្ពុជា ដោយសង្ឃឹមពួកគេនឹងសហការគ្នាលេង និងធ្វើបានកាន់តែល្អ ដើម្បីមានឱកាសប្រជែងកៅអីវគ្គបន្ដ ក្នុងពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ៕