លោក Deschamps នឹងចាកចេញពីតួនាទីគ្រូបង្វឹកបារាំង ពេលចប់ World Cup 2026 ក្រោយដឹកនាំ ១៤ឆ្នាំ
09-06-2026 13:05
(ប៉ារីស)៖ លោក Didier Deschamps បានធ្វើពិធីលាអ្នកគាំទ្រ (farewell) រួចរាល់ហើយកាលដើមសប្តាហ៍ មុនពេលចាកចេញពីតួនាទីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិបារាំង បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នាអំឡុងខែកក្កដាខាងមុខ។
នេះមានន័យថា បុរសសញ្ជាតិបារាំង វ័យ ៥៧ឆ្នាំរូបនេះ នឹងបញ្ចប់រជ្ជកាលដឹកនាំមាន់គក ក្នុងរយៈពេល ១៤ឆ្នាំ ដោយឈ្នះពាន World Cup ១លើកផងដែរកាលឆ្នាំ២០១៨ ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោក Deschamps បានលើកដៃ bye bye ទៅកាន់អ្នកគាំទ្រនៃការប្រកួតទល់នឹងអៀរឡង់ខាងជើងចុងក្រោយក្នុងផ្ទះ ធ្វើឡើងនាទីក្រុង Lille កាលពីរាត្រីថ្ងៃចន្ទ មុនពេលឡើងជិះយន្តហោះទៅសហរដ្ឋអាមេរិក ដើម្បីប្រជែងពាន World Cup ក្នុងនាមពួកគេជាក្រុមរងជើងឯកផងដែរកាល ៤ឆ្នាំមុននៅប្រទេសកាតា។
លោកគឺជាបុរសម្នាក់ ក្នុងចំណោម ៣នាក់ប៉ុណ្ណោះដែលបានឈ្នះពាន WORLD CUP ទាំងក្នុងនាមជាកីឡាករ និងគ្រូបង្វឹក ពោលគឺឈ្នះកាលនៅជាកីឡាករក្នុងឆ្នាំ១៩៩៨ ដែលលោកជាប្រធានក្រុម និងក្នុងនាមគ្រូបង្វឹកវិញម្តងកាលឆ្នាំ២០១៨។
លោក DESCHAMPS ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកដែលបានតំណែងក្នុងជម្រើ់សជាតិយូរជាងគេ និងបានដឹកនាំបារាំងឈានដល់វគ្គផ្តាច់ព្រ័ត្រ EURO 2016 ដ្បិតម្ចាស់ផ្ទះមាន់គកបានចាញ់ព័រទុយហ្គាល់ក៏ដោយ មុនដណ្តើមបានជើងឯក UEFA NATIONS LEAGUE 2021។
ក្រុមមាន់គកមួយនេះនឹងត្រូវតតាំងជាមួយសេណេហ្គាល់ អ៉ីរ៉ាក់ និងន័រវេស ដែលស្ថិតក្នុងពូល I ជាមួយគ្នានៅ WORLD CUP 2026 ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នាចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា៕





