សមាជិកសភាអាមេរិក ជំរុញឱ្យរដ្ឋបាលលោក ត្រាំ រឹតបន្តឹងច្បាប់លើក្រុមហ៊ុន TSMC ដើម្បីទប់ស្កាត់សាខាក្រៅស្រុករបស់ចិន
09-06-2026 14:02
(បរទេស)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សទាំងពីរ បានរួមដៃគ្នាជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ រឹតបន្តឹងច្បាប់លើក្រុមហ៊ុនផលិតបន្ទះឈីបធំៗ ដូចជាក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដើម្បីរារាំងពួកគេមិនឱ្យផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ ជូនដល់សាខាក្រៅស្រុក ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ចិន។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញ «ចន្លោះប្រហោងផ្លូវច្បាប់» ដែលអនុញ្ញាតឱ្យចិនអាចវាងទៅបញ្ជាទិញបន្ទះឈីបទំនើបៗតាមរយៈប្រទេសទីបីបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
ទោះបីជាការិយាល័យឧស្សាហកម្ម និងសន្តិសុខអាមេរិក (BIS) បានបញ្ជាក់ថា ការលក់បន្ទះឈីបទៅឱ្យសាខាចិននៅក្នុងប្រទេសទីបី (ដូចជាម៉ាឡេស៊ី) ត្រូវតែមានអាជ្ញាបណ្ណក៏ដោយ ប៉ុន្តែអ្នកជំនាញព្រមានថា ចិននៅតែមានល្បិចមួយទៀត។ នោះគឺការប្រើប្រាស់ «ក្រុមហ៊ុនស្រមោល» (Front companies) ដើម្បីលួចកុម្ម៉ង់ផលិតបន្ទះឈីបកែច្នៃតាមតម្រូវការពិសេស (Custom chips) ពីក្រុមហ៊ុនលំដាប់ពិភពលោក ដែលធ្វើឱ្យច្បាប់ទប់ស្កាត់មុនៗមិនមានប្រសិទ្ធភាព។
ជុំវិញក្តីបារម្ភនេះ សមាជិកព្រឹទ្ធសភាអាមេរិក លោក Jim Banks និងលោក Andy Kim បានផ្ញើលិខិតផ្លូវការទៅកាន់ប្រធាន BIS ដោយសង្កត់ធ្ងន់ចំៗថា៖ «ប្រសិនបើចន្លោះប្រហោងនេះនៅតែមិនទាន់បានដោះស្រាយ វាជារឿងមួយដែលធ្វើឱ្យរង្គោះរង្គើដល់រាល់ការរឹតត្បិតផ្សេងៗទៀត ដែលសហរដ្ឋអាមេរិកបានដាក់ចេញ ដើម្បីទប់ស្កាត់ការទទួលបានសមត្ថភាពកុំព្យូទ័រកម្រិតខ្ពស់របស់ចិន»។ លោកបានបន្ថែមថា៖ «ការគ្រប់គ្រងការនាំចេញ ដែលអាចត្រូវបានគេគេចវេសតាមរយៈការបញ្ជាទិញផលិតនៅរោងចក្រផលិតបន្ទះឈីបដ៏ទំនើបបំផុតក្នុងលោក នោះ គឺមិនបានផ្តល់ការការពារប្រកបដោយអត្ថន័យដល់សន្តិសុខជាតិអាមេរិក ឬការប្រកួតប្រជែងនៃឧស្សាហកម្មសហរដ្ឋអាមេរិកនោះឡើយ»។
គួរជម្រាបថា រហូតមកទល់ពេលនេះ ទាំងស្ថាប័ន BIS របស់អាមេរិក និងក្រុមហ៊ុនផលិតបន្ទះឈីបយក្ស TSMC របស់តៃវ៉ាន់ នៅមិនទាន់ចេញមុខបកស្រាយ ឬផ្តល់ការអត្ថាធិប្បាយណាមួយតបតវិញនៅឡើយទេ៕










