Meta បោះទុន ១១៥លានដុល្លារ បង្រៀនបច្ចេកទេសហ្វ្រីៗ ព្រមទាំងធានាផ្តល់ការងារធ្វើភ្លាមៗពេលរៀនចប់
09-06-2026 16:10
(បរទេស)៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Meta កំពុងវិនិយោគទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ចំនួន ១១៥ លានដុល្លារ ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកបច្ចេកទេសមជ្ឈមណ្ឌលទិន្នន័យ (Data Center) ដោយមិនគិតថ្លៃ មានឈ្មោះថា «America's Workforce Academy»។ អ្វីដែលពិសេសនោះគឺ កម្មវិធីនេះនឹងធានាផ្តល់ឱកាសការងារពេញម៉ោងភ្លាមៗ ដល់សិក្ខាកាមទាំងឡាយណាដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ការបោះទុនដ៏ធំនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាយ៉ាងមហិមាទំហំ ៦០០ ពាន់លានដុល្លារ ដែល Meta គ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីពន្លឿនការសាងសង់មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្ស សម្រាប់គាំទ្រដល់មហិច្ឆតាផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។
ការផ្លាស់ប្តូរដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការដាក់ចិត្តភ្នាល់យ៉ាងខ្លាំងរបស់លោក Mark Zuckerberg ក្នុងការបង្កើតជំនួយការ AI ដ៏ឆ្លាតវៃដែលអាចបំពេញកិច្ចការស្វ័យប្រវត្តិនានាជំនួសមនុស្ស។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រុមហ៊ុន Meta ថែមទាំងបានធ្វើការកែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងយ៉ាងស៊ីជម្រៅ ដោយបានកាត់បន្ថយបុគ្គលិកចាស់អស់ប្រហែល ១០% (ស្មើនឹង ៨,០០០ នាក់) ដើម្បីបង្វែរកម្លាំងនិងថវិកាមកពង្រឹងផ្នែក AI វិញ។
ជុំវិញឱកាសការងារថ្មីនៃយុគសម័យបច្ចេកវិទ្យានេះ លោកស្រី Dina Powell McCormick ប្រធាន និងជាអនុប្រធានក្រុមហ៊ុន Meta បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «បដិវត្តន៍ AI កំពុងនាំមកនូវការផ្លាស់ប្តូរ ប៉ុន្តែក៏បាននាំមកនូវឱកាសជាប្រវត្តិសាស្ត្រផងដែរ»។
ទោះជាយ៉ាងណា របាយការណ៍ដដែលនេះក៏បានបង្ហាញពីតថភាពពិតមួយនៃឧស្សាហកម្មបច្ចេកវិទ្យាផងដែរ ដោយសារជាទូទៅ ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ តែងតែបង្កើតកំណើនការងារផ្នែកសំណង់ក្នុងរយៈពេលខ្លីយ៉ាងគំហុក ប៉ុន្តែផ្តល់ការងារអចិន្ត្រៃយ៍ពិតប្រាកដក្នុងចំនួនតិចតួចប៉ុណ្ណោះនៅពេលចាប់ផ្តើមដំណើរការ។ ជាក់ស្តែង មជ្ឈមណ្ឌលទិន្នន័យរបស់ Meta នៅរដ្ឋតិចសាស់ និងរដ្ឋអូក្លាហូម៉ា ត្រូវការកម្មករសំណង់រហូតដល់ចន្លោះពី ១,០០០ ទៅ ១,៨០០ នាក់នៅក្នុងដំណាក់កាលកំពូលនៃការសាងសង់ ប៉ុន្តែវានឹងបង្កើតការងារប្រតិបត្តិការអចិន្ត្រៃយ៍ពិតប្រាកដត្រឹមតែប្រហែល ១០០ កន្លែងប៉ុណ្ណោះ នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់រួចរាល់៕













