មិត្តហ្វូន ប្រកាសសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ សេវាកម្មដឹកជញ្ជូន និងភស្តុភារកម្ម មិត្តហ្វូន អិចប្រេស ដ៏គួរឱ្យភ្ញាក់ផ្អើល!
09-06-2026 20:07
(ភ្នំពេញ)៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រុមហ៊ុន មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវ «មិត្តហ្វូន អិចប្រេស» ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថ្មីបំផុតរបស់ខ្លួនដែលឆ្លុះបញ្ចាំងពីការបោះជំហានដ៏ច្បាស់លាស់ និងជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្រពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ក្រុមហ៊ុន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយឧត្តមសេនីយ៍ង្វៀន វ៉ាន់កៅ (Nguyễn Văn Gấu) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់ជាច្រើនរូប មកពីបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ។
នៅក្នុងឱកាសបើកសម្ពោធដ៏ពិសេសនោះ ភ្ញៀវកិត្តិយសទាំងអស់បានទស្សនា និងស្វែងយល់ផ្ទាល់ពីប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏សម្បូរបែប និងទូលំទូលាយរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងនោះមានដំណោះស្រាយបច្ចេកវិទ្យាលេចធ្លោសំខាន់ៗដូចជា៖ បច្ចេកវិទ្យា 5G ការរួមបញ្ចូលប្រព័ន្ធរ៉ូបូត(Robotic Integration) ទៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់ មិត្តហ្វូន អិចប្រេសដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យឯករាជ្យ (Off-Grid Solar Energy) ព្រមទាំងសេវាកម្មកម្សាន្តហ្គេម TV360 និង eMoney ជាដើម។
ការឈានជើងចូលក្នុងវិស័យភស្តុភារកម្ម (Logistics) របស់ក្រុមហ៊ុន មិត្តហ្វូន គឺជាជំហានបន្ទាប់ដ៏ជាក់លាក់នៃការផ្លាស់ប្តូររូបរាងពីប្រតិបត្តិករទូរគមនាគមន៍បែបប្រពៃណី ទៅជាក្រុមហ៊ុនបច្ចេកវិទ្យា និងសេវាកម្មឌីជីថលដ៏ទូលំទូលាយមួយ។ តាមរយៈការទាញយកផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យាដ៏រឹងមាំ រួមជាមួយវត្តមាននៅទូទាំង ២៥រាជធានី-ខេត្ត និងបទពិសោធដ៏សម្បូរបែបក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលខ្នាតធំ ក្រុមហ៊ុនមិត្តហ្វូន មានគោលបំណងក្នុងការកសាងបណ្តាញភស្តុភារកម្មដ៏ទំនើបមួយ ដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការ និងបទពិសោធកាន់តែប្រសើរសម្រាប់អតិថិជន។
ទន្ទឹមនឹងទីផ្សារភស្តុភារកម្មនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការលើការលើកកម្ពស់នៃគុណភាពសេវាកម្ម ប្រសិទ្ធភាពប្រតិបត្តិការ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល នៅតែជាកត្តាសំខាន់ចាំបាច់។ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងគំហកនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអតិថិជន និងម្ចាស់អាជីវកម្ម តែងតែស្វែងរកសេវាកម្មដឹកជញ្ជូនដ៏ទំនើប មានតម្លាភាព ល្បឿនលឿន និងសេវាកម្មពីដើមទីរហូតដល់ចុងបញ្ចប់ ដែលឱកាសទីផ្សារដ៏មានសក្តានុពលនេះហើយ ដែលបានជំរុញឱ្យ មិត្តហ្វូន បោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដើម្បីបន្តធ្វើទំនើបកម្មវិស័យដឹកជញ្ជូន និងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
មិត្តហ្វូន អិចប្រេស ត្រូវបានបង្កើតឡើងជាផ្លូវការ បែបជាទម្រង់ភស្តុភារកម្មរួមបញ្ចូលគ្នាពីចំណុចផ្តើមដល់ចំណុចចុងក្រោយ (End-to-end logistics platform)។ នៅក្នុងដំណាក់កាលដំបូង សេវាកម្មនេះ នឹងប្រតិបត្តិការប្រមាណ ១,០០០ ទីតាំង ដោយធ្វើការរួមបញ្ចូលគ្នានូវរាល់ដំណោះស្រាយទូទាំងដំណើរការដឹកជញ្ជូនទាំងមូល ចាប់តាំងពីការទទួលការបញ្ជាទិញ ការបែងចែកទំនិញ ការដឹកជញ្ជូន រហូតដល់ការដឹកជញ្ជូនដល់ដៃអ្នកទទួលចុងក្រោយ។ ប្រព័ន្ធនេះផ្តល់នូវការតាមដានស្ថានភាពទំនិញតាមពេលវេលាជាក់ស្តែង ២៤ម៉ោង/៧ថ្ងៃ ដែលអាចគាំទ្រលើការគ្រប់គ្រងនៃប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ជួយសម្រួលដល់ការស្វែងរកផ្លូវដឹកជញ្ជូនដ៏ល្អបំផុត និងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្ញើ និងអ្នកទទួលឱ្យកាន់តែមានភាពងាយស្រួល។
ចំណុចខ្លាំងលើសគេនៃសេវាកម្មនេះ គឺមិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលជាមួយបទពិសោធដ៏ជំនាញផ្នែកភស្តុភារកម្ម និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Viettel Group នៅក្នុងប្រទេសវៀតណាម។ ការផ្សារភ្ជាប់វាងវិស័យទូរគមនាគមន៍ ទិន្នន័យ ទម្រង់បែបឌីជីថល និងដំណោះស្រាយគ្រប់គ្រងវៃឆ្លាតនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញវិស័យភស្តុភារកម្មនៅកម្ពុជា ឱ្យឈានទៅរកទំនើបកម្មឈានមុខគេក្នុងពេលឆាប់ៗខាងមុខនេះ។








