រាត្រីប្រវត្តិសាស្ដ្រ! គោព្រៃជំទង់កម្ពុជា ឡើងវគ្គ ១/២ ពាន U19 អាស៊ានលើកដំបូង ក្រោយវាយបកស្មើក្រុមខ្លាំងអូស្រ្ដាលី ២-២
09-06-2026 22:37
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ ក្រោយវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី នៅរាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះនៅប្រទេសឥណ្ឌូនេស៊ី។
ពិតជាអស្ចារ្យ និងចាត់ទុកជារាត្រីប្រវត្តិសាស្ដ្រ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដែលក្រុមជម្រើសជាតិកម្ពុជា ៣កម្រិតផ្សេងគ្នា បានប្រកួតក្នុងថ្ងៃតែមួយ ហើយមិនស្គាល់បរាជ័យ ពោលគឺក្រុមជម្រើសជាតិនារីកម្ពុជា ប្រកួតស្មើក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-១ មុនក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) បានបំបែកកំណត់ត្រារយៈពេល ៦៩ឆ្នាំ យកឈ្នះក្រុមហុងកុងលើកដំបូង ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលទើបបញ្ចប់នៅរាត្រីថ្ងៃអង្គារនេះ មុនក្រុមគោព្រៃជំទង់កម្ពុជា វាយបកស្មើអូស្ដ្រាលី ឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានយុវជន U19 ប្រចាំតំបន់លើកដំបូង ក្រោយរង់ចាំអស់ ២៤ឆ្នាំ។
សម្រាប់ជំនួបបញ្ចប់ពូលC ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជន U19 អាស៊ានខាងលើ វគ្គទី១ អូស្ដ្រាលី បានបើកការនាំមុខ ២គ្រាប់មុន តែបន្ទាប់ពីការព្យាយាមទប់ទល់ និងវាយបកដ៏ខ្លាំងក្លាពីក្រុមគោព្រៃជំទង់កម្ពុជា រហូតរកបាន ២គ្រាប់វិញ នៅវគ្គទី២ និងបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយលទ្ធផលស្មើគ្នា ២-២។
ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ពោលគឺអូស្ដ្រាលី បន្ដឈរកំពូលតារាង ឡើងទៅជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី គ្រាដែលកម្ពុជា ឈរលេខ២ ក្នុងពូល តែឈរកំពូលតារាងក្រុមចំណាត់ថ្នាក់លេខ២ ល្អជាងគេ ក្នុងចំណោមពូលទាំងបី ដែលនាំឲ្យកម្ពុជា ឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ដោយត្រូវជួបក្រុមថៃ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។
គួរដឹងថា ពានរង្វាន់ ASEAN U19 Boy’s Championship បានបង្កើតឡើងដំបូង នៅឆ្នាំ២០០២ តែរយៈពេលជាង ២ទសវត្សរ៍កន្លងមក កម្ពុជា ពុំធ្លាប់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ទើបតែឆ្នាំនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមហ្វីលីពីន ៣-០ មុនស្មើក្រុមខ្លាំងអូស្ដ្រាលី ដើម្បីបង្កើតប្រវត្តិសាស្ដ្រថ្មីតែម្ដង៕






