ព្រឹត្តិការណ៍ WWDC 2026 ចាប់ផ្តើម! វិនិយោគិនចង់ដឹងថា តើបច្ចេកវិទ្យា AI អាចជួយស្រោចស្រង់ជំនួយការសំឡេង Siri បានដែរឬទេ?

10-06-2026 08:52

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានបើកទ្វារស្វាគមន៍សន្និសីទអ្នកភិវឌ្ឍន៍ពិភពលោកប្រចាំឆ្នាំ (WWDC 2026) នៅទីស្នាក់ការកណ្តាល Cupertino រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលក្រុមអ្នកវិនិយោគ និងអ្នកគាំទ្របច្ចេកវិទ្យាទូទាំងពិភពលោក កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសំណួរតែមួយថា តើក្រុមហ៊ុន Apple អាចបង្ហាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ ដើម្បីមកធ្វើបដិវត្តន៍ និងស្រោចស្រង់ជំនួយការសំឡេង «Siri» ដែលកំពុងតែដើរយឺតជាងគូប្រជែង បានដែរឬទេ?

នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ លោក Tim Cook នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple បានប្រកាសយ៉ាងច្បាស់ថា ការផ្តោតសំខាន់បំផុតសម្រាប់ឆ្នាំនេះ គឺការអភិវឌ្ឍប្រព័ន្ធ «Apple Intelligence» និងការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងរបស់ Siri។ ជាលទ្ធផល Apple បានប្រកាសដាក់ដំណើរការជំនួយការសំឡេងកំណែទម្រង់ថ្មីហៅថា «Siri AI» ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពី Siri ត្រូវបានបង្កើតឡើងដំបូងនៅលើទូរស័ព្ទ iPhone កាលពីឆ្នាំ២០១១ មក។ លក្ខណៈពិសេសរបស់ «Siri AI» ថ្មី រួមមាន៖

១៖ សមត្ថភាពយល់ដឹងពីបរិបទលើអេក្រង់ (Onscreen Awareness)៖ Siri ថ្មីអាចវិភាគ និងយល់ដឹងពីអ្វីដែលកំពុងបង្ហាញនៅលើអេក្រង់ឧបករណ៍របស់រៀបចំអ្នកប្រើប្រាស់ ព្រមទាំងអាចស្វែងរកព័ត៌មានបន្ថែមពីបណ្តាញអ៊ីនធឺណិត (Web) ភ្លាមៗ ដើម្បីឆ្លើយតបសំណួរដ៏ស្មុគស្មាញបានយ៉ាងលម្អិត។
២៖ កម្មវិធីផ្ទាល់ខ្លួន (Dedicated Siri App)៖ លើកនេះ Siri នឹងមានកម្មវិធី (App) ផ្ទាល់ខ្លួនដាច់ដោយឡែក ដែលមានទម្រង់ដូចជា Chatbot ឆ្លាតវៃ (ប្រហាក់ប្រហែលនឹង ChatGPT ឬ Gemini) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចវាយអក្សរ ឬនិយាយឆ្លើយឆ្លង និងអាចមើលប្រវត្តិនៃការសន្ទនាមុនៗឡើងវិញបាន។
៣៖ ការយល់ដឹងពីបរិវត្តកម្មផ្ទាល់ខ្លួន (Personal Context)៖ ជំនួយការសំឡេងនេះ អាចចូលទៅស្វែងរកទិន្នន័យចាំបាច់នៅក្នុងសារ (Messages) អ៊ីមែល (Emails) ឬរូបភាព ដើម្បីជួយបំពេញភារកិច្ចផ្សេងៗ ទោះបីជាព័ត៌មានទាំងនោះមិនបានរក្សាទុកជាផ្លូវការក៏ដោយ (ឧទាហរណ៍៖ ការស្វែងរកអាសយដ្ឋានមិត្តភក្តិដែលបានផ្ញើក្នុងប្រព័ន្ធឆាតកាលពីច្រើនសប្តាហ៍មុន)។

គួរជម្រាបថា ការប្រកាសទម្លាយនូវ «Siri AI» នេះ ធ្វើឡើងបន្ទាប់ពី Apple បានរងការរិះគន់ និងសម្ពាធយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ ក្រោយពេលដែលការផ្សព្វផ្សាយពីប្រព័ន្ធ AI កាលពីឆ្នាំ២០២៤ មានការយឺតយ៉ាវក្នុងការដាក់ឱ្យប្រើប្រាស់ជាក់ស្តែង ដែលធ្វើឱ្យទំហំទីផ្សាររបស់ Apple ត្រូវប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀតដូចជា Microsoft និង Alphabet (Google) ដែលជាអ្នកនាំមុខក្នុងសមរភូមិ AI៕