គ្រូបង្វឹកកម្ពុជា បារម្ភពីការកោះហៅកីឡាករត្រៀមជើងឯកអាស៊ាន ព្រោះកំឡុងពេលក្លិបត្រៀម Pre-Season
10-06-2026 09:59
(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ហាក់ព្រួយបារម្ភពីការកោះហៅកីឡាករប្រមូលផ្ដុំត្រៀមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦ នាចុងខែកក្កដាខាងមុខ ព្រោះកំឡុងពេល Pre-Season (កំដៅសាច់ដុំមុនបើករដូវកាល) របស់បណ្ដាក្លិបនីមួយៗ សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២៦/២៧។
ការបង្ហាញនូវក្ដីបារម្ភនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមគោព្រៃកម្ពុជា បើកទំព័រប្រវត្តិសាស្ដ្រថ្មីយកឈ្នះក្រុមហុងកុង លើកដំបូង ក្រោយរង់ចាំអស់ ៦៩ឆ្នាំ ក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីរាត្រីថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ ចំពោះមុខអ្នកទស្សនាផ្ទាល់ជាង ២ម៉ឺននាក់។
លោកថា ការកោះហៅកីឡាករក្នុងអំឡុងពេល Pre-Season គឺជាបញ្ហាប្រឈមដ៏ចម្បងមួយ ដោយសារការជាន់គ្នា រវាងកម្មវិធីហ្វឹកហាត់ និងការរៀបចំរបស់ក្លិបនីមួយៗ និងកាតព្វកិច្ចជួយក្រុមជម្រើសជាតិ។ ក្លិបនីមួយៗត្រូវការកីឡាករពេញលេញដើម្បីស្ដារកាយសម្បទា យល់ដឹងពីប្រព័ន្ធលេងថ្មី និងបង្កើតសហការជាមួយសមាជិកថ្មីៗ មុនពេលរដូវកាលថ្មីនៃលីគចាប់ផ្ដើម។
លោក Koji បន្ដថា «ការឈ្នះនេះ (ឈ្នះហុងកុង) គឺជារឿងល្អសម្រាប់កីឡាករ គឺគាត់កាន់តែមានទឹកចិត្តក្នុងការលេងកាន់តែខ្លាំង។ តែជាក់ស្ដែងកំឡុងពេលត្រៀមប្រកួត Hyundai Cup ក៏ជាកំឡុងពេលក្លិបនីមួយៗត្រៀម Pre-Season។ ក្លិបកំពុងរៀបចំក្រុមពួកគាត់ ហើយកំឡុងពេលហ្នឹងខ្ញុំអត់ដឹងថា កីឡាករដែលកោះហៅមកនេះ អាចកោះហៅបានមកទៀតអត់។ ខ្ញុំអត់ទាន់ច្បាស់ទេ។ អីចឹងកំឡុងពេលនេះ ខ្ញុំអត់ទាន់អាចនិយាយបានថា វារួចរាល់សម្រាប់ការប្រកួតបន្ទាប់ទេ ដោយសារយើងអត់ដឹងកីឡាករណាខ្លះ ដែលអាចមកទៀតបាននៅឡើយ»។
បែបនេះក្ដីលោកថា ការព្រួយបារម្ភនេះមិនមែនតែនៅកម្ពុជានោះទេ សូម្បីបណ្ដាប្រទេសផ្សេងៗ ក៏លោកគិតថា នឹងជួបប្រទះក្ដីកង្វល់នេះដូចគ្នា ព្រោះក្លិបកំពុងរៀបចំក្រុម ប្រសិនបើមានការកោះហៅកីឡាករមួយចំនួន ហើយអវត្តមានក្នុងការហ្វឹកហាត់ជុំគ្នា ក៏ជាផលលំបាកដល់ការត្រៀមរដូវកាលថ្មី។ ករណីនេះលោក Koji ថា លោកយល់ច្បាស់ បើលោកជាគ្រូបង្វឹក ក៏ពិបាកក្នុងការបញ្ជូនកីឡាករមកដែរ ដោយសារក្លិបស្ថិតក្នុងដំណាក់ការកសាង និងរៀបចំក្រុម ដើម្បីត្រៀមរដូវកាលថ្មី។
គួរដឹងថា ក្រោយជំនួបមិត្តភាពអន្ដរជាតិ កំឡុង FIFA’s Day ប្រចាំខែមិថុនា ឆ្នាំ២០២៦ ដែលកម្ពុជាបានយកឈ្នះក្រុមភ្ញៀវ ២ប្រកួតជាប់គ្នា ពោលគឺឈ្នះប៊ូតាន ៤-០ មុនបន្ដយកឈ្នះក្រុមហុងកុង ២-០ ក្រុមជម្រើសជាតិកម្ពុជាគ្រោងនឹងចេញទៅបោះជំរុំហ្វឹកហាត់នៅប្រទេសជប៉ុននាពេលឆាប់ៗខាងមុខ ដើម្បីត្រៀមការប្រកួតពានរង្វាន់ ASEAN Hyundai Cup 2026 ដែលគ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ។
បេសកកម្មនេះក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមការពារតំណែងជើងឯកវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ដែលទើបទម្លាក់ក្រុមប្រ៊ុយណេ ក្នុងវគ្គ Play-Off គ្រាដែលពូល B វិញមាន ៥ក្រុមដូចគ្នា រួមមានក្រុមជម្រើសជាតិម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងថៃ៕









