ការអង្កេតរកឃើញថា៖ AI ជួយសន្សំសំចៃពេលវេលាគ្រូពេទ្យ ប៉ុន្តែភាគច្រើនខ្វះខាតការបណ្តុះបណ្តាល
10-06-2026 11:06
(បរទេស)៖ ការអង្កេតជាសកលដ៏ធំមួយរបស់ក្រុមហ៊ុន Philips បានរកឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជា «ដៃគូ» ដ៏សំខាន់របស់គ្រូពេទ្យក្នុងការកត់ត្រាកំណត់ហេតុ វិភាគរូបភាពកាំរស្មីអ៊ិច និងជួយស្វែងរកគំនិតការងារថ្មីៗ។ ផ្អែកតាមទិន្នន័យ គ្រូពេទ្យជិតពាក់កណ្តាលអាចសន្សំសំចៃពេលវេលាបានដល់ទៅ ១៣២ ម៉ោងក្នុងមួយឆ្នាំ ហើយ ៥០% ទៀតបានអះអាងថា AI ជួយឱ្យពួកគេមានលទ្ធភាពទទួលពិនិត្យអ្នកជំងឺបានកាន់តែច្រើន ព្រមទាំងធ្វើការងារបានច្បាស់លាស់ និងប្រុងប្រយ័ត្នជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា បញ្ហាប្រឈមធំនៅពេលនេះ គឺការដើរមិនទាន់ពេលវេលារបស់មន្ទីរពេទ្យ ឬស្ថាប័នសុខាភិបាល ដោយគ្រូពេទ្យរហូតដល់ ៦៤% បានសម្រេចចិត្តងាកទៅប្រើប្រាស់ឧបករណ៍ AI ផ្ទាល់ខ្លួន ព្រោះតែប្រព័ន្ធបច្ចេកវិទ្យានៅកន្លែងធ្វើការមិនអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
ជុំវិញបញ្ហានេះ លោក Shez Partovi ប្រធានផ្នែកនវានុវត្តន៍របស់ក្រុមហ៊ុន Philips បានប្រាប់ Reuters ចំៗថា៖ «ស្ថាប័ននានាកំពុងដើរមិនទាន់ល្បឿននៃការផ្តល់ឧបករណ៍ និងការបណ្តុះបណ្តាលនោះទេ» ខណៈពេលដែលគ្រូពេទ្យរហូតដល់ ៧០% បានលើកឡើងថា ការបណ្តុះបណ្តាលលើប្រព័ន្ធ AI នៅក្នុងស្ថាប័នរបស់ពួកគេគឺមិនទាន់មាន ឬនៅមានកម្រិតខ្លាំងនៅឡើយ។
ទោះបីជា AI មានប្រយោជន៍ និងឆ្លាតវៃយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យនៅតែយល់ឃើញថា វាមិនអាចមកជំនួសមនុស្សទាំងស្រុងបានឡើយ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ស្ទើរតែគ្រប់គ្រូពេទ្យទាំងអស់ (ប្រហែល ៩០%) បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សាមនុស្សឱ្យស្ថិតក្នុងដំណើរការត្រួតពិនិត្យ ហើយរហូតដល់ ៨៦% បានអះអាងថា៖ «រាល់លទ្ធផលដែលចេញដោយ AI ទាំងអស់ គឺត្រូវតែមានការត្រួតពិនិត្យពីមនុស្សជាដាច់ខាត» ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុតជូនដល់អ្នកជំងឺ៕










