Wolves ចុះកិច្ចសន្យាជាមួយប្រធានក្រុមមិចស៊ិក Raul ដើម្បីចាប់ដៃគូជាមួយ Trippier ក្រោយធ្លាក់ទៅលីគទី២
10-06-2026 13:54
(ឡុងដ៍)៖ ក្រុមចចកព្រៃ Wolverhamton Wanderer បានផ្តល់កិច្ចសន្យារយៈពេល ២ឆ្នាំជាមួយខ្សែប្រយុទ្ធ Raul Jimenez ចំពោះការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ចប់កិច្ចសន្យានៅក្លិប Fulham នារដូវកាលឆ្នាំ២០២៥-២៦។
ការយកខ្សែប្រយុទ្ធចាស់វស្សាជាលើកទី២ របស់ខ្លួនត្រឡប់មកវិញនេះដែរ គឺដើម្បីចាប់ដៃគូជាមួយខ្សែការពារ Kieran Trippier ដែលមានវ័យ ៣៥ឆ្នាំដូចគ្នា និងទើបចាកចេញពីក្លិបអង់គ្លេស Newcastle United នាបំណាច់រដូវកាលនេះដែរ។
Raul ប្រធានក្រុមជម្រើសជាតិមិចស៊ិក ប្រទេសម្ចាស់ផ្ទះ World Cup 2026 ជាមួយសហរដ្ឋអាមេរិក និងកាណាដា ស៊ុតបាន ២៨គ្រាប់ពីការបង្ហាញខ្លួន ៩៨លើកក្នុងលីគអង់គ្លេស Premier League ជាមួយ Fulham។ ការវិលត្រឡប់ របស់គាត់ទៅកាន់ក្លិប Wolves ជាទីដែលធ្លាប់រកបាន ៥៧គ្រាប់ ក្នុងចំណោម ១៦៦ប្រកួតនៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្រោយផ្ទេរចេញពី Benfica។
Wolves បានកំពុងកសាងក្រុមឡើងវិញ ក្រោយបញ្ចប់នៅបាតតារាង PL ក្នុងចំណោម ២០ក្រុមនារដូវកាលមុន ដោយត្រូវប្រកួតប្រជែងក្នុងក្របខណ្ឌទី២ Championship ជាលើកដំបូងឡើងវិញ គិតចាប់តាំងពីរដូវកាល ២០១៧-២០១៨៕




