ក្រុមបាល់ទាត់នារីកម្ពុជា នឹងប្រែប្រួលចំណាត់ថ្នាក់ខ្លាំង ក្នុងតារាងពិភពលោក ក្រោយធ្វើបានល្អ ២ប្រកួតចុងក្រោយ
10-06-2026 14:48
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងមានការប្រែប្រួលខ្លាំងក្នុងតារាង World Ranking របស់សហព័ន្ធ FIFA ក្រោយលេងមិនចាញ់ ២ប្រកួតមិត្តភាពអន្តរជាតិចុងក្រោយនេះ ប្រចាំខែមិថុនា ឆ្នាំ២០២៦។
ក្រុមនារីកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធជម្រើសជាតិគោព្រៃកម្ពុជា បានលេងមិនចាញ់ឡើយសម្រាប់ ២ប្រកួតនាដើមខែមិថុនា ឆ្នាំ២០២៦ ពោលគឺបំបាក់ស្រ្តីសិង្ហបុរី ៥-០ មុនមកលេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះឥណ្ឌូនេស៊ីកាលពីថ្ងៃទី០៩ ខែមិថុនាម្សិលមិញ។
បច្ចុប្បន្នក្រុមនារីកម្ពុជា បានស្ថិតនៅលេខរៀងទី១១៤ ក្នុងចំណោម ១៩៨ប្រទេសសរុបនៃតារាងចំណាត់ថ្នាក់ពិភពលោកដែល FIFA បានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ខណៈ ៦ថ្ងៃទៀត នឹងធ្វើការ update ជាថ្មី ពោលគឺនៅថ្ងៃទី១៦ ខែមិថុនា។
បើប្រៀបធៀបនៅតំបន់អាស៊ាន ១១ប្រទេសវិញ ស្រ្តីកម្ពុជាស្ថិតនៅពីលើទីម័រខាងកើត និងសិង្ហបុរីតែប៉ុណ្ណោះ គ្រាដែល ចំណាត់ថ្នាក់កំពូលទាំង១០ (top-10) រួមមាន អេស្ប៉ាញ អាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន បារាំង ប្រេស៊ីល ស៊ុយអែត កាណាដា និងហូឡង់ ដ្បិតស្រ្តីកូរ៉េខាងជើង ឈរនៅលេខ១១ ដ៏គួរឱ្យភ្ញាក់ផ្អើល៕








