ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

10-06-2026 17:04

(ភ្នំពេញ)៖ ក្នុងស្មារតីរួមគ្នាដើម្បីលើកកម្ពស់សុខុមាលភាពកុមារ ធនាគារ វីង និងបុគ្គលិកទាំងអស់ បានរួមគ្នាបរិច្ចាគថវិកាសរុបចំនួន ២៤,៣៣១,៦៣៤ រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសនៃការរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី១៣ នៅខេត្តសៀមរាប ដើម្បីបន្តចូលរួមគាំទ្រ និងធានាថាកុមារកម្ពុជានៅទូទាំងប្រទេសនៅតែអាចទទួលបានសេវាពិនិត្យ និងព្យាបាលសង្គ្រោះជីវិតដោយឥតគិតថ្លៃ។

ថវិកាបរិច្ចាគនេះ រួមមាន ២០ លានរៀលពីធនាគារ វីង និង ៤,៣៣១,៦៣៤ រៀលពីបុគ្គលិក ដែលឆ្លុះបញ្ចាំងពីស្មារតីរួមគ្នាដើម្បីជួយដល់កុមារមកពីគ្រួសារជួបការលំបាក និងខ្វះលទ្ធភាពក្នុងការព្យាបាល។ សម្រាប់ក្រុមគ្រួសារជាច្រើន ការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព នៅតែជាបញ្ហាប្រឈមនៅឡើយ។ ដូច្នេះហើយ ការរួមសាមគ្គីគ្នានេះមានគោលបំណងជួយសម្រាលបន្ទុក តាមរយៈការគាំទ្រដល់ការផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារដែលកំពុងត្រូវការជំនួយបំផុត។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ «យើងខ្ញុំសូមសម្ដែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារអង្គរទាំងអស់ ដែលបានខិតខំផ្តល់ការថែទាំប្រកបដោយក្ដីមេត្តា និងមិនខ្លាចនឿយហត់ ដើម្បីជួយសង្គ្រោះដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ»

លោកបានបន្ថែមទៀតថា៖ «ការប្តេជ្ញាចិត្តរបស់ពួកគាត់ ពិតជាបានផ្តល់នូវការជំរុញទឹកចិត្តយ៉ាងខ្លាំងដល់ពួកយើង។ ធនាគារ វីង ពិតជាមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃបេសកកម្មដ៏មានអត្ថន័យនេះ ដើម្បីនាំមកនូវការព្យាបាលសង្គ្រោះ និងក្តីសង្ឃឹមជូនដល់ក្រុមគ្រួសារដែលកំពុងត្រូវការជំនួយបំផុត»

នេះគឺជាឆ្នាំទី៧ហើយ ដែលធនាគារ វីង បានបន្តគាំទ្រកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលជាគំនិតផ្តួចផ្តើមរៃអង្គាសថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តនិរន្តរភាពនៃបេសកកម្មរបស់មន្ទីរពេទ្យ។ ក្រៅពីការឧបត្ថម្ភថវិកា ធនាគារ វីង ក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យ ក្នុងគោលបំណងបំផុសស្មារតីនៃការចែករំលែកជាបន្តបន្ទាប់ផងដែរ។

មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយបានក្លាយជាស្ថាប័នថែទាំសុខភាពដ៏សំខាន់ និងជាទីពឹងមួយសម្រាប់ក្រុមគ្រួសារកម្ពុជា។ ជាមួយនឹងការចំណាយលើប្រតិបត្តិការប្រចាំឆ្នាំប្រមាណ ៦ លានដុល្លារអាមេរិក មន្ទីរពេទ្យមួយនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ ១០០.០០០ នាក់ ជារៀងរាល់ឆ្នាំ ដោយឥតគិតថ្លៃ។

ការបន្តរួមចំណែកបរិច្ចាគពីសាធារណជន គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សានូវនិរន្តរភាពនៃការផ្តល់សេវាដ៏ចាំបាច់ទាំងនេះ ព្រមទាំងធានាបានថា កុមារគ្រប់រូបនឹងទទួលបានការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយមិនត្រូវបានទុកចោលឡើយ។

ដើម្បីបន្តការគាំទ្រដល់បេសកកម្មនេះ ធនាគារ វីង សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមជាចំណែកនៃសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យនេះ តាមរយៈការបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។ លោកអ្នកអាចចូលរួមបរិច្ចាគបាន នៅតាមភ្នាក់ងារវីងជាង ១២,០០០ កន្លែងទូទាំងប្រទេស យ៉ាងងាយស្រួលដោយគ្រាន់តែប្រើលេខកូដទូទាត់ ៨១២២ សម្រាប់ប្រាក់ដុល្លារ និង ៩១២១ សម្រាប់ប្រាក់រៀលឬស្កេន បរិច្ចាគតាម វីង KHQR បានភ្លាមៗ។

រាល់ការបរិច្ចាគគឺឥតគិតថ្លៃសេវាឡើយ ហើយថវិកាទាំងស្រុងនឹងត្រូវចូលទៅក្នុងគណនីមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីសង្គ្រោះជីវិត និងផ្ដល់ក្ដីសង្ឃឹមដល់កុមារ និងក្រុមគ្រួសារកម្ពុជា៕