KJet Group និង IHH Healthcare Singapore ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីជំរុញវិស័យទេសចរណ៍សុខភាព និងការវិនិយោគរវាងកម្ពុជា និងសិង្ហបុរី

10-06-2026 17:29

(ភ្នំពេញ)៖ ក្រុមហ៊ុន ខេជេត គ្រុប (KJet Group) តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកា និងលោក Vincent Lai ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃ IHH Healthcare Singapore បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ (Strategic Partnership Agreement) ដើម្បីលើកកម្ពស់វិស័យទេសចរណ៍សុខភាព (Medical Tourism) និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសិង្ហបុរី។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាផ្លូវការរវាងភាគីទាំងពីរ កាលពីខែមេសា ឆ្នាំ២០២៦ ដោយផ្តោតលើការបង្កើតប្រព័ន្ធសម្របសម្រួលការបញ្ជូនអ្នកជំងឺពីកម្ពុជាទៅកាន់មន្ទីរពេទ្យឈានមុខនៅប្រទេសសិង្ហបុរី ក៏ដូចជាការផ្តល់សេវាយន្តហោះសង្គ្រោះបន្ទាន់ និងសេវាសម្របសម្រួលផ្នែកវេជ្ជសាស្ត្រតាមស្តង់ដារអន្តរជាតិ។

តាមរយៈកិច្ចសហការនេះ KJet Group ដែលមាន K-Air Ambulance និង CMS – Cam Medical Service ជាសមាជិក នឹងដើរតួនាទីសំខាន់ក្នុងការរៀបចំការបញ្ជូនអ្នកជំងឺ ការសម្របសម្រួលជាមួយមន្ទីរពេទ្យឯកទេសនៅប្រទេសសិង្ហបុរី ការរៀបចំសេវាយន្តហោះសង្គ្រោះបន្ទាន់ (Medevac) និងការផ្តល់សេវាជំនួយផ្សេងៗដល់អ្នកជំងឺ និងក្រុមគ្រួសារ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អ្នកជំងឺដែលទទួលសេវាតាមរយៈ K-Air Ambulance និង CMS – Cam Medical Service នឹងទទួលបានអត្ថប្រយោជន៍ពិសេស និងការបញ្ចុះតម្លៃរហូតដល់ 30% លើសេវាមន្ទីរពេទ្យមួយចំនួន នៅសឹង្ហបុរី។ន

ក្រៅពីវិស័យសុខាភិបាល ភាគីទាំងពីរក៏នឹងសហការគ្នាក្នុងការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារសិង្ហបុរី តាមរយៈការរៀបចំទស្សនកិច្ចសិក្សា វេទិកាធុរកិច្ច កម្មវិធីជួបជុំវិនិយោគិន និងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឱកាសវិនិយោគ វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកា KJet Group បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ក្នុងវិស័យសុខាភិបាល ទេសចរណ៍ និងវិនិយោគ។ យើងជឿជាក់ថា កិច្ចសហការនេះនឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានសេវាសុខភាពប្រកបដោយគុណភាពខ្ពស់ និងក្នុងពេលជាមួយគ្នានេះ ក៏នឹងរួមចំណែកផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិននៅប្រទេសសិង្ហបុរីផងដែរ»។

កម្ពុជា កំពុងក្លាយជាទិសដៅដ៏មានសក្តានុពលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍក្នុងតំបន់អាស៊ាន ដោយសារកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការរវាង KJet Group និង IHH Healthcare Singapore ត្រូវបានរំពឹងថានឹងបង្កើតឱកាសថ្មីៗសម្រាប់វិស័យទេសចរណ៍សុខភាព ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ៕