កុំភ្លេច! គាំទ្រគោព្រៃជំទង់កម្ពុជា ប៉ះថៃ ល្ងាចនេះ ក្នុងវគ្គ ១/២ ពាន U19 អាស៊ាន ខណៈជួបគ្នាចុងក្រោយ ថៃចាញ់ស្ពឹកមុខ

11-06-2026 08:15

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U19 ថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys' Championship) ឆ្នាំ២០២៦ នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១១ ខែមិថុនានេះ នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី។

នេះគឺជាជំនួបដ៏កក្រើកដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទាំងនៅកម្ពុជា និងក្នុងតំបន់ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងប្រវត្តិពានរយៈពេល ២៤ឆ្នាំ បើគិតចាប់ពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន។

សម្រាប់ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ ក្នុងពានយុវជន U19 អាស៊ាននេះ គឺធ្លាប់ជួបគ្នាចំនួន ៧លើកមកហើយ គ្រាដែលជួបគ្នាលើកចុងក្រោយ ក្រុមជម្រើសជាតិ U19 កម្ពុជា បានផ្ដល់ការខកចិត្តដល់ក្រុមជម្រើសជាតិ U19 ថៃ ដោយការយកឈ្នះ ៤-៣ កាលពីឆ្នាំ២០១៩ កន្លងទៅ។ នេះគឺជាកម្លាំងចិត្តមួយសម្រាប់ក្រុម ក៏ដូចជាអ្នកគាំទ្រក្រុមគោព្រៃ សម្រាប់ជំនួបដ៏ក្ដៅគគុកល្ងាចនេះ។

ទន្ទឹមជាមួយគ្នាលោក Yasuhiro Yoshida គ្រូបង្វឹកក្រុមយុវជន U19 កម្ពុជា បានថ្លែងក្នុងសន្និសីទមុនការប្រកួតថា ការប្រកួតដ៏សំខាន់នេះ ក្រុមនឹងបន្ដលើកទឹកចិត្តដល់កីឡាករឲ្យខិតខំប្រឹងប្រែង ហើយកែប្រែកន្លែងដែលខ្វះខាត និងបន្ដលើកទឹកចិត្តឲ្យរក្សាចំណុចល្អដែលក្រុមមានកន្លងមក ។ លោកសង្កត់ធ្ងន់ថា «អ្វីដែលយើងចង់ឃើញពីកីឡាករនោះ គឺមានវិន័យល្អ មានការប្ដេជ្ញាខ្ពស់ និងខំប្រឹងប្រែងឲ្យខ្លួនអភិវឌ្ឍន៍ទៅមុខទៀត នៅថ្ងៃខាងមុខ»

គួរដឹងថា ក្រុមជម្រើសជាតិ U19 កម្ពុជា បានឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រនេះ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ក្នុងពូលC ពោលគឺឈ្នះហ្វីលីពីន ៣-០ និងស្មើអូស្ដ្រាលី ២-២។ ក្រោយបញ្ចប់ការប្រកួតនេះ នឹងមានជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត រវាងក្រុមជម្រើសជាតិ U19 ឥណ្ឌូនេស៊ី និង U19 អូស្ដ្រាលី ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ៅង ៨៖១៥នាទីយប់ថ្ងៃដដែល ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានយុវជនប្រចាំតំបន់នេះ។

សូមបញ្ជាក់ថា ជំនួបរវាងក្រុមគោព្រៃជំទង់កម្ពុជា និងថៃ ក៏នឹងមានការផ្សាយបន្ដផ្ទាល់ពីស្ថានីយទូរទស្សន៍ BTV-News ផងដែរ។ អាស្រ័យហេតុនេះ សង្ឃឹមថា អ្នកគាំទ្រកម្ពុជា នឹងរង់ចាំទស្សនា ក៏ដូចជាផ្ដល់ការគាំទ្រ និងលើកទឹកចិត្តពីចម្ងាយដល់ក្រុមជម្រើសជាតិ U19 កម្ពុជា ដើម្បីបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីបន្ថែមទៀត៕