កាណាដា គ្រោងហាមឃាត់កុមារក្រោម១៦ឆ្នាំ មិនឲ្យលេងបណ្តាញសង្គម និងត្រៀមរឹតបន្តឹង AI Chatbot
11-06-2026 09:54
(បរទេស)៖ រដ្ឋាភិបាលកាណាដា បានដាក់សំណើច្បាប់ស្តីពីសុវត្ថិភាពឌីជីថលថ្មីមួយ ដើម្បីហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គម (លើកលែងតែប្រព័ន្ធណាដែលមានស្តង់ដារសុវត្ថិភាពខ្ពស់) ព្រមទាំងបង្កើតស្ថាប័នគ្រប់គ្រង ដើម្បីរឹតបន្តឹងសុវត្ថិភាពលើបច្ចេកវិទ្យា AI Chatbots ផងដែរ។
វិធានការនេះធ្វើឡើង បន្ទាប់ពីប្រទេសអូស្ត្រាលីបានអនុវត្តច្បាប់ស្រដៀងគ្នានេះកាលពីចុងឆ្នាំមុន ដែលឈានទៅដល់ការបិទគណនីរបស់យុវជនជិត ៥លានគណនី។ ជាងនេះទៅទៀត ការរឹតបន្តឹងលើ AI គឺធ្វើឡើងបន្ទាប់ពីមានករណីក្រុមគ្រួសារជនរងគ្រោះនៃករណីបាញ់ប្រហារដ៏សាហាវមួយ បានប្តឹងក្រុមហ៊ុន OpenAI (ម្ចាស់ ChatGPT) ដោយចោទថាបានដឹងមុនពីផែនការវាយប្រហាររបស់ឃាតក ប៉ុន្តែមិនបានរាយការណ៍ប្រាប់ប៉ូលិស។
ក្រុមហ៊ុនបច្ចេកវិទ្យាណាដែលល្មើសច្បាប់ នឹងត្រូវប្រឈមការផាកពិន័យជាប្រាក់ ៣% នៃចំណូលសរុបជាសកល ឬរហូតដល់ ១០លានដុល្លារកាណាដា (ប្រហែល ៧.២ លានដុល្លារអាមេរិក)។ រដ្ឋាភិបាលកាណាដាមើលឃើញថា បណ្តាញសង្គម និង AI ត្រូវបានរចនាឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ ដែលជាប្រភពបង្កផលប៉ះពាល់ដល់ផ្លូវចិត្តកុមារ ដូចជា បង្កើតក្តីកង្វល់ ភាពឯកោ និងជំងឺបាក់ទឹកចិត្ត។ ក្រុមហ៊ុនយក្សដូចជា Google និង Meta បានបង្ហាញជំហរគាំទ្រ និងត្រៀមខ្លួនសហការដើម្បីបង្កើតបរិយាកាសអនឡាញប្រកបដោយសុវត្ថិភាពសម្រាប់កុមារ។
អ្នកជំនាញលើកឡើងថា ច្បាប់របស់កាណាដាមានវិសាលភាពធំ និងស៊ីជម្រៅជាងអូស្ត្រាលី ព្រោះវាមិនត្រឹមតែរឹតត្បិតការចូលប្រើប្រាស់នោះទេ ប៉ុន្តែវាជាការរៀបចំប្រព័ន្ធអេកូឡូស៊ីបណ្តាញសង្គមឡើងវិញ និងរាប់បញ្ចូលទាំងការគ្រប់គ្រងប្រព័ន្ធ AI ទៀតផង។
គួរជម្រាបថា បច្ចុប្បន្ន ក្រៅពីកាណាដា និងអូស្ត្រាលី ប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ដូចជា ក្រិក បារាំង ដាណឺម៉ាក និងប៉ូឡូញ ក៏កំពុងពិចារណា និងរៀបចំច្បាប់រឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារផងដែរ។ ច្បាប់ថ្មីរបស់កាណាដានេះ ត្រូវបានគេរំពឹងថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំដើម្បីអនុម័ត និង ១៨ខែទៀតដើម្បីបង្កើតស្ថាប័នគ្រប់គ្រងផ្លូវការ៕









