ទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ នឹងត្រូវរៀបចំចុងខែនេះ នៅស្ដាតមរតកតេជោ
11-06-2026 11:11
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសនឹងរៀបចំទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិរួមគ្នា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗទៀត ព្រមទាំងកីឡាករ-កីឡាការិនី សិស្សានុសិស្ស និងមន្ត្រី NOCC ដែលជាក្ដីរំពឹងមានអ្នកចូលរួមចន្លោះពី ៧០០ ទៅ ៨០០នាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ដោយទទួលបានគោលការណ៍ពីលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC វេទិកាអត្តពលិកជាតិឆ្នាំនេះ នឹងផ្ដោតលើប្រធានបទ ស្ដីពីការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅសហរដ្ឋអាមេរិក ឆ្នាំ២០២៨ ដោយបំផុសនូវការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាដ៏ធំលើលោកនេះ។
តាមគម្រោងវេទិកាអត្តពលិកជាតិ លើកទី២ ដែល NOCC ត្រៀមរៀបចំនេះ នឹងមានការពិគ្រោះយោបល់ សំណេះសំណាល និងលើកទឹកចិត្តកីឡាករឲ្យត្រៀមចូលរួមការប្រកួតជម្រុះ ដើម្បីឈានទៅដណ្ដើមសិទ្ធិចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាបង្ហាញពីទស្សនវិស័យ និងទស្សនវិជ្ជាអូឡាំពិកដែលផ្ដល់តម្លៃខ្ពសដល់សិស្សានុសិស្សចូលរួម។
ដោយឡែកទិវាអូឡាំពិក ដែលនឹងរៀបចំស្របថ្ងៃជាមួយគ្នានោះដែរ លោកថា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំឭក និងផ្សព្វផ្សាយគុណតម្លៃដ៏ថ្លៃថ្លានៃចលនាអូឡាំពិក ដែលផ្តោតលើមិត្តភាព សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងការខិតខំឆ្ពោះទៅរកឧត្តមភាព។ ទិវានេះក៏ជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់សន្តិភាព ការយោគយល់គ្នា និងការរស់នៅប្រកបដោយសុខដុមរមនាក្នុងចំណោមប្រជាជនគ្រប់ជាតិសាសន៍។
លោកថា ទិវាប្រចាំឆ្នាំនេះបានបង្ហាញយ៉ាងច្បាស់ថា កីឡាមិនមែនគ្រាន់តែជាការប្រកួតប្រជែងដើម្បីជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងវិជ្ជមានដែលអាចផ្សារភ្ជាប់មនុស្សឱ្យកាន់តែជិតស្និទ្ធ បង្កើនសាមគ្គីភាព និងរួមចំណែកកសាងសង្គមប្រកបដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ អ្នកចូលរួមទាំងអស់នឹងបានលេងកីឡាកម្សាន្ដ មានទាំងការរត់ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រផងដែរ៕








