ធនាគារ ហត្ថា ម.ក បន្តគាំទ្រវិស័យអប់រំ និងសុខុមាលភាពកុមារ តាមរយៈការបរិច្ចាគ​ដល់អង្គការរក្សាកុមារ

11-06-2026 11:39

(ភ្នំពេញ)៖ ធនាគារ ហត្ថា​ ម.ក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍសហគមន៍ និងវិស័យអប់រំ តាមរយៈការបរិច្ចាគថវិកាចំនួន ៤០,០០០,០០០រៀល ទៅកាន់អង្គការរក្សាកុមារ ដើម្បីគាំទ្រដល់​សុខុមាលភាព​កុមារនៅកម្ពុជា។

ពិធីប្រកាសប្រគល់ថវិកានេះ បានធ្វើឡើងដោយមានការចូលរួមពីលោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា និងលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់គុណភាពជីវិត និងអនាគតរបស់កុមារកម្ពុជា។ ការបរិច្ចាគថវិកានេះ គឺជាលើកទី៣ ដែលធនាគារ ហត្ថា បានផ្តល់ការគាំទ្រដល់អង្គការរក្សាកុមារ ជាផ្នែកមួយនៃគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ ដោយមានគោលបំណងជំរុញ និងគាំទ្រការអប់រំ ការថែទាំសុខភាព និងការរស់នៅរបស់​កុមារនៅក្នុងសហគមន៍កម្ពុជា។

លោក មិន សុផា បានបញ្ជាក់ឱ្យដឹងថា ការបរិច្ចាគនេះ មិនមែនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជា ដើម្បីរួមចំណែកកសាងអនាគតដ៏ប្រសើរ និងមានឱកាសស្មើគ្នាសម្រាប់គ្រប់គ្នា។ នេះគឺជាយុទ្ធសាស្រ្តមួយរបស់ធនាគារ ហត្ថា ក្នុងការចូលរួម​លើកម្ពស់ការងារសង្គម ជាពិសេសសុខភាពសង្គម និង​កុមារ។

នាឱកាសនោះលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ ក៏បានថ្លែងអំណរគុណដល់ធនាគារ ហត្ថា ចំពោះការបន្តគាំទ្រជាប្រចាំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារកម្ពុជា និងជំរុញការគាំទ្រដល់កុមារគ្រប់ស្រទាប់វណ្ណះ ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថា ធនាគារ ហត្ថា នៅតែប្តេជ្ញាចិត្តបន្តគាំទ្រគំនិតផ្តួចផ្តើម ដែលជួយលើកកម្ពស់សហគមន៍ និងកុមារកម្ពុជា ដើម្បីរួមចំណែកកសាងសង្គមដែលមានចីរភាព និងអនាគតដ៏ភ្លឺស្វាង តាមរយៈការអប់រំ និងការគាំទ្រសង្គមជាបន្តបន្ទាប់៕